អបអរសាទរសង្ក្រានឆ្នាំថ្មី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងមុខសាលាខេត្តកំពង់ឆ្នាំង ទទួលស្វាគមយ៉ាងទូលំទូលាយប្រជាពលរដ្ឋទាំងអស់ចូលរួមលេងល្បែងប្រជាប្រិយ៍ក្នុងពិធីអបអរសាទរសង្ក្រានឆ្នាំថ្មី ពិធីនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង សមាជិកា ស.ស.យ.ក អាជ្ញាធរដែនដី កងកម្លាំងទាំងបី ការិយាល័យស្រុក ក្រុងប្រតិបត្តិ ប្រជាពលើរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាដោយ ប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយនិងមានការតាំងពិពណ៌ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាព និងមានកម្មវិធីជាច្រើនទៀត។ល។

ទន្ទឹមនឹងនេះឯកឧត្តមបានថ្លែងអំណរគុ ណដល់អាជ្ញាធរក្រុង ស្រុកគ្រប់លំដាប់ ថ្នាក់ ឆ្នាំថ្មីនេះបានរៀបចំគម្រោង អោយធំជាងបណ្ដាឆ្នាំមុនៗហើយសង្ឃឹមថាការរៀបចំសង្ក្រាន្តឆ្នាំថ្មីឆ្នាំនេះក៏មិនខុសពីបណ្តាឆ្នាំមុនៗដែរ ដែលនឹងមានដាក់ឲ្យមានលេងល្បែងកំសាន្តប្រជាប្រិយ មាន ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ជាដើម ដែលកម្មវិធីនិមួយៗ នឹងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរជាច្រើនទៀត។

ថ្លែងក្នុងបរិបទនេះឯកឧត្តអភិបាលខេត្ត បានអំពាវដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងផ្សែង មុនពេលចេញដំណើរទៅវត្ត ឬទៅកំសាន្តតាម រមណីយដ្ឋាននានា ត្រូវពន្លត់ភ្លើងសង្ក្រាន បិទចរន្តអគ្គីសនី និងពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ គ្រប់ពេលវេលា ។ ក្រៅពីនោះពេលលេងកំសាន្តត្រូវប្រើចិត្តខន្តី ចេះយោគយល់អធ្យាស្រ័យគ្នា ទើបការរីករាយកំសាន្តបុណ្យចូលឆ្នាំថ្មី បានសុខសប្បាយទាំងអស់គ្នា៕
ដោយ៖ បៃ ស៊ីថុន





