គ្រប់មុខម្ហូប និងបង្អែមរបស់អ្នកស្រុកបាត់ដំបង ដែលយកមកបង្ហាញ និងជូនភ្លក្ស ពិតជាមានរសជាតិឆ្ងាញ់ពិសា
AKP បាត់ដំបង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរដល់ប្រជាពលរដ្ឋ ដែលជាមេចុងភៅ បានយកមុខម្ហូបខ្មែរ និងបង្អែមរបស់អ្នកបាត់ដំបង មកបង្ហាញ និងជូនភ្លក្ស ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៦ គឺពិតជាមានរសជាតិឆ្ងាញ់ពិសា ដែលមុខម្ហូប និងបង្អែមខ្មែរទាំងនោះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តជាតិ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ ។


ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំថ្នាក់ដឹកនាំជាប្រធាន អនុប្រធានមន្ទីរ អង្គភាព និងស្ថាប័ននានា ព្រមទាំងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀត មានវត្តមានក្នុងការទស្សនាការបង្ហាញពីរបៀបធ្វើម្ហូប និងបង្អែមខ្មែរ និងការតាំងបង្ហាញនូវស្តង់ផលិតផលតាមបណ្តារដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តបាត់ដំបង ដើម្បីជាការថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមធ្វើម្ហូបអាហារ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ប្រកបដោយការទាក់ទាញ និងមានរសជាតិឆ្ងាញ់ពិសា។


សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំថ្មី ឆ្នាំ២០២៦នេះ ស្ថិតក្រោមការរៀបចំដោយរដ្ឋបាលខេត្ត និងកិច្ចសហការល្អពីសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ខេត្តបាត់ដំបង និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីបង្កើត និងបង្កើននូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកទស្សនា និងលេងកម្សាន្ត ខណៈគណៈកម្មការព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង បានរៀបចំឱ្យមានកម្មវិធីសំដែងសិល្បៈ និងល្បែងប្រជាប្រិយជាច្រើន សម្រាប់ប្រជាពលរដ្ឋទាំងក្នុងខេត្ត ក៏ដូចជាខេត្តជាប់ព្រំប្រទល់នៃខេត្តបាត់ដំបង បានចូលរួមទស្សនា និងលេងកម្សាន្ត ហើយក្នុងនោះការរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញមុខម្ហូប និងបង្អែមខ្មែររបស់អ្នកខេត្តបាត់ដំបង គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់មេចុងភៅចំណានៗ ដែលធ្លាប់មានបទពិសោធន៍ ក្នុងការចម្អិនមុខម្ហូបអាហារ និងបង្អែមខ្មែរ ដោយឡែកក្នុងកម្មវិធីនោះដែរ ក៏បានបង្ហាញផងដែរអំពីរបៀបនៃការធ្វើម្ហូប និងបង្អែមទាំងនោះ តាំងពីជំហានដំបូងរហូតដល់សម្រេចបានជាមុខម្ហូប និងបង្អែម សម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ អន្តរជាតិ ដែលមានវត្តមានក្នុងសង្ក្រាន្តឆ្នាំថ្មីនេះបានភ្លក្ស និងពិសាយ៉ាងឆ្ងាញ់ផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ក៏បានសម្ដែងការអរគុណចំពោះមេចុងភៅទាំងអស់ ដែលបានចូលរួមជាមួយព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយសង្ឃឹមថា ពេលក្រោយៗទៀតនឹងមានវត្តមានចូលរួមកាន់តែច្រើនថែមទៀត និងធ្វើបានកាន់តែល្អប្រសើរ ដើម្បីចូលរួមលើកកម្ពស់ដល់មុខម្ហូប និងបង្អែមខ្មែររបស់អ្នកបាត់ដំបងកាន់តែមានភាពល្បីថែមទៀត ពិសេសទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តខេត្តបាត់ដំបង មានការកើនឡើង ខណៈវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បានចាត់ទុកថា ជាមាសបៃតងរបស់ជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន ស្របតាមចក្ខុវិស័យវែងឆ្ងាយ ដើម្បីឈានទៅកាន់ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខនេះ ៕
ដោយ គួយ គឹមស៊ន





