ខេត្តត្បូងឃ្មុំបានបើកព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ត្បូងឃ្មុំ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស.២០២៦ នៅបរិវេណខាងមុខសាលាខេត្ត។


ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំ បានដឹកនាំមន្ត្រីរាជការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្ត យ៉ាងសប្បាយរីករាយតាមចង្វាក់ប្រពៃណីជាតិ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែអធិកអធម។


ទន្ទឹមនឹងនោះ គណៈអធិបតីក៏បានអញ្ជើញទស្សនាស្ដង់ពិព័រណ៍ "ភូមិមួយផលិតផលមួយ" ដើម្បីលើកកម្ពស់ និងគាំទ្រផលិតផលក្នុងស្រុករបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំយើងផងដែរ ព្រមទាំងជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕
ដោយ AKP





