មីយ៉ាន់ម៉ាប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- ការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីមួយដែលមានក្រសួងចំនួន៣០។
យោងតាមវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ា (MRTV) បានឱ្យដឹងថា លោក ទីន អ៊ុងសាន (Tin Aung San) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការិយាល័យប្រធានាធិបតី ខណៈដែលលោក ម៉្យា ទុនអូ (Mya Tun Oo)ត្រូវបានចាត់តាំងឱ្យត្រួតពិនិត្យក្រសួងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ឌីជីថលនិងគមនាគមន៍។
រួមជាមួយនឹងការបង្កើតរដ្ឋាភិបាលថ្មីនេះ ក្រុមប្រឹក្សាយោបល់សហភាពក៏ត្រូវបានបង្កើតឡើងផងដែរ ដោយមានលោក អ៊ូ សូវីន (U Soe Win) ជាប្រធាន និងលោក អ៊ូ មួងមួង អាយ៉េ (U Maung Maung Aye) ជាលេខាធិការ។
សេចក្តីសម្រេចបង្កើតរដ្ឋាភិបាល និងក្រុមប្រឹក្សានេះ ត្រូវបានចុះហត្ថលេខា និងប្រកាសដោយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបានស្បថចូលកាន់តំណែងក្នុងអំឡុងពេលសម័យប្រជុំសភានៅទីក្រុងណៃពិដោ កាលពីព្រឹកថ្ងៃទី១០ខែមេសា។
នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក លោក មីន អ៊ុងឡាំង បានបញ្ជាក់ថា មីយ៉ាន់ម៉ានឹងរក្សាវិធីសាស្រ្តដែលមានតុល្យភាពក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន និងពង្រឹងចំណងមិត្តភាពជាមួយប្រទេសជិតខាង។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មីយ៉ាន់ម៉ានឹងខិតខំជំរុញទំនាក់ទំនងជាមួយប្លុកនេះ ខណៈដែលកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង និងដៃគូក្នុងតំបន់លើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។
លើសពីនេះទៀត លោកប្រធានាធិបតីបានគូសបញ្ជាក់ពីអាទិភាពក្នុងស្រុកសំខាន់ៗ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ការជំរុញការអប់រំ ការគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសខ្នាតតូច និងមធ្យម និងការលើកកម្ពស់ការផ្សះផ្សាជាតិក្នុងរយៈពេលខាងមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





