រដ្ឋមន្ដ្រីការបរទេសចិន៖ ចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ដើម្បីអនុវត្តន៍ការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅពេលជួបជាមួយលោក គីម ជុងអ៊ុន (Kim Jong Un) អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ (WPK) និងជាប្រធានកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
លោក វ៉ាង បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅរបស់លោក ស៊ី ជីនពីង (Xi Jinping)អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ទៅកាន់លោក គីម និងបានអបអរសាទរយ៉ាងកក់ក្តៅចំពោះការរៀបចំសមាជលើកទី៩ នៃបក្សពលករកូរ៉េ និងសភាប្រជាជនកំពូលលើកទី១៥ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដោយជោគជ័យ។លោកបានសម្តែងទំនុកចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការកណ្តាលបក្សពលករកូរ៉េដែលដឹកនាំដោយលោក គីម និងជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនកូរ៉េខាងជើងទាំងមូលបុព្វហេតុសង្គមនិយមរបស់ប្រទេសនឹងបន្តឈានដល់កម្ពស់ថ្មី។
លោក វ៉ាង បានរំលឹកថា លោក គីម បានបំពេញទស្សនកិច្ចដោយជោគជ័យទៅកាន់ប្រទេសចិនកាលពីខែកញ្ញាឆ្នាំមុន និងបានចូលរួមពិធីរំលឹកខួបលើកទី៨០ នៃជ័យជម្នះក្នុងសង្គ្រាមតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ស៊ី និងលោក គីម បានធ្វើកិច្ចប្រជុំប្រវត្តិសាស្ត្រមួយដែលផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រ និងបើកឱកាសថ្មីសម្រាប់ទំនាក់ទំនងចិន-កូរ៉េខាងជើង។ លោក វ៉ាង បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការផ្លាស់ប្តូរ និងអន្តរកម្មជាមួយកូរ៉េខាងជើង ដើម្បីនាំមកនូវសារៈសំខាន់សហសម័យថ្មីដល់មិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។
លោក គីម បានកត់សម្គាល់ថា លោកនៅតែចងចាំយ៉ាងច្បាស់អំពីជំនួបរបស់លោកជាមួយលោក ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនកាលពីខែកញ្ញា ឆ្នាំមុន។ លោកបានសម្តែងនូវសេចក្តីរីករាយរបស់លោកក្នុងការឃើញការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានរវាងលោក និងលោក ស៊ី ត្រូវបានអនុវត្តយ៉ាងជាក់ស្តែង ដោយកត់សម្គាល់ថាទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិនត្រូវបានលើកកម្ពស់ដល់កម្រិតថ្មីស្របតាមឆន្ទៈ និងសេចក្តីប្រាថ្នារបស់គណបក្ស និងប្រជាជនទាំងពីរ។
លោក គីម បានសង្កត់ធ្ងន់ថា ដោយសារការផ្លាស់ប្តូរយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននៅក្នុងស្ថានភាពអន្តរជាតិ ការធ្វើឱ្យស៊ីជម្រៅ និងការអភិវឌ្ឍទំនាក់ទំនងកូរ៉េខាងជើង-ចិន បម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរនិងជាឆន្ទៈរឹងមាំ និងគោលនយោបាយដែលបានបង្កើតឡើងរបស់គណបក្សនិងរដ្ឋាភិបាលកូរ៉េខាងជើង។
លោកបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសកូរ៉េខាងជើងចំពោះចក្ខុវិស័យនៃការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើមសកលទាំងបួនដែលស្នើឡើងដោយលោក ស៊ី។ លោកក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះជំហរស្របច្បាប់របស់ប្រទេសចិន និងកិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ដូចជាលើបញ្ហាតៃវ៉ាន់ជាដើម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





