គណៈប្រតិភូអ៊ីរ៉ង់ទៅដល់ប៉ាគីស្ថានសម្រាប់កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- គណៈប្រតិភូអ៊ីរ៉ង់មួយទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីចូលរួមចរចាជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការរាយការណ៍របស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថាន លោក រ៉េហ្សា អាមីរី ម៉ូកាដាម (Reza Amiri Moghadam)។
លោក រ៉េហ្សា អាមីរី ម៉ូកាដាម បានរាយការណ៍កាលពីថ្ងៃម្សិលមិញថា «ទោះបីជាមានការសង្ស័យពីសាធារណជនអ៊ីរ៉ង់ ដោយសារតែការរំលោភបំពានបទឈប់បាញ់ម្តងហើយម្តងទៀតដោយរបបអ៊ីស្រាអែល ដើម្បីបំផ្លាញគំនិតផ្តួចផ្តើមការទូត ដែលត្រូវបានអញ្ជើញដោយនាយករដ្ឋមន្ត្រី [ប៉ាគីស្ថាន] លោក ស្សេបាស់ ស្សារីហ្វ (Shehbaz Sharif) ក៏ដោយ ក៏គណៈប្រតិភូអ៊ីរ៉ង់នឹងទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដនៅយប់នេះដែរ ដើម្បីចូលរួមកិច្ចចរចាយ៉ាងម៉ឺងម៉ាត់ដោយផ្អែកលើសំណើ ១០ចំណុច ដែលស្នើឡើងដោយអ៊ីរ៉ង់»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





