ឥណ្ឌូណេស៊ីជំរុញសន្តិសុខថាមពលជាមួយប្រេងជីវឥន្ធនៈប្រភេទ B50
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- លោក បាលីល ឡាហាដាលីយ៉ា (Bahlil Lahadalia) រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីនឹងដាក់ឱ្យប្រើប្រាស់ប្រេងជីវឥន្ធនៈប្រភេទ B50 ជាផ្លូវការនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែកក្កដា បន្ទាប់ពីការសាកល្បងដោយជោគជ័យជិតប្រាំមួយខែ។
ប្រេងឥន្ធនៈ B50 គឺជាល្បាយប្រេងឥន្ធនៈដែលមានប្រេងម៉ាស៊ូតជីវ ដែលមានមូលដ្ឋានលើប្រេងដូងឆៅ (CPO) ៥០% និងប្រេងម៉ាស៊ូតហ្វូស៊ីល ៥០%។ កម្មវិធីនេះត្រូវបានសាកល្បងនៅទូទាំងវិស័យជាច្រើន រួមទាំងឧបករណ៍ធុនធ្ងន់ នាវា រថភ្លើង និងរថយន្តដឹកទំនិញ មុនពេលសម្រេចចិត្តពង្រីកការប្រើប្រាស់របស់វា។
យោងតាមលោក ឡាហាដាលីយ៉ា បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសន្តិសុខថាមពលជាតិ កាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូល និងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញដែលផលិតក្នុងស្រុក។ លោកបានកត់សម្គាល់ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយថ្មីៗនេះនៅមជ្ឈិមបូព៌ា បានបង្ហាញពីហានិភ័យដែលប្រទេសនានាប្រឈមមុខនឹងការពឹងផ្អែកលើថាមពលនាំចូល ដែលបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួន។
បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីកំពុងអនុវត្តកម្មវិធី B40 ដែលលាយប្រេងឥន្ធនៈជីវសាស្រ្តដែលមានមូលដ្ឋានលើប្រេងដូង ៤០% ជាមួយនឹងប្រេងម៉ាស៊ូតហ្វូស៊ីល ៦០%។ ទិន្នន័យពីក្រសួងថាមពលបានបង្ហាញថា B40 បានជួយកាត់បន្ថយការនាំចូលប្រេងម៉ាស៊ូតចំនួន ៣,៣លានគីឡូលីត្រ (kL) និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប្រហែល ៣៨,៨៨លានតោននៃសមមូល CO₂។ នៅក្នុងឆ្នាំ២០២៥ ការប្រើប្រាស់ប្រេងម៉ាស៊ូតជីវសាស្រ្តបានឈានដល់ ១៤,២លានគីឡូលីត្រ ដែលលើសពីគោលដៅ ១៣,៥លានគីឡូលីត្រ។
ការផ្លាស់ប្តូរដែលបានគ្រោងទុកទៅកាន់ប្រេងឥន្ធនៈ B50 គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដើម្បីពង្រឹងភាពធន់របស់សេដ្ឋកិច្ចប្រឆាំងនឹងការរំខានដល់ការផ្គត់ផ្គង់សកលលោក។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា កម្មវិធីនេះអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីលប្រហែល ៤លានគីឡូលីត្រជារៀងរាល់ឆ្នាំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





