ព្រះខ័នរាជស្វាយរៀង ត្រៀមទទួលក្រុមភ្ញៀវ Manila Diggers របស់ហ្វីលីពីន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Challenge League ស្អែកនេះ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦--ក្រុមព្រះខ័នរាជស្វាយរៀងបានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ក្រុមភ្ញៀវ Manila Diggers FC របស់ប្រទេសហ្វីលីពីន នាវេលាម៉ោង៧យប់ ថ្ងៃស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី១) ពានរង្វាន់ក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League 2025/26)។

នៅក្នុងការប្រកួតថ្ងៃស្អែក ទី០៩ ខែមេសា ឆ្នាំ២០២៦ គឺជាការប្រកួតជើងទី១ នៅទឹកដីក្លឹបព្រះខ័នរាជស្វាយរៀង ខណៈការប្រកួតជើងទី២ កាត់សេចក្តីគ្រោងនឹងធ្វើឡើង នាថ្ងៃទី១៦ ខែមេសា នៅទឹកដី Manila Diggers FC របស់ហ្វីលីពីនវិញម្តង។ ការឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ព្រះខ័នរាជស្វាយរៀង ជាលើកទី២ ឆ្នាំ២០២៦នេះ គឺក្រោយឈ្នះក្លឹបរួមលីគ ភ្នំពេញក្រោន ដោយលទ្ធផល ៤-១ ជើងទី១ និង២-១ ជើងទី២។

ចំណែកឯក្រុម Manila Diggers FC របស់ហ្វីលីពីនបានយកឈ្នះក្លឹបឥណ្ឌូណេស៊ី Dewa United ១ទល់០ ជើងទី១ និងស្មើគ្នា ២ទល់២ ជើងទី២។ ក្រុមទាំងពីរ ព្រះខ័នរាជស្វាយរៀង និង Manila Diggers FC ជាគូប្រជែងចាស់ ជាពិសេសស្ថិតក្នុងពូល D ជាមួយគ្នា ក្នុងរដូវកាល ២០២៥-២០២៦នេះ ដោយរក្សាបានត្រឹមលទ្ធផលស្មើគ្នា ២ទល់២ ក្នុងជំនួបសន្សំពិន្ទុពូល D កាលពីថ្ងៃទី០១ ខែវិច្ឆិកា ២០២៥កន្លងមក។ មន្ត្រីក្លឹបព្រះខ័នរាជស្វាយរៀងបញ្ជាក់ថា សម្រាប់ការលក់សំបុត្រទស្សនាការប្រកួត នៅជើងទី១នេះ លក់បានជាង ៦០០០ សំបុត្រ ប៉ុន្តែនៅថ្ងៃប្រកួត គឺទស្សនិកជនច្រើនតែទិញសម្រុកតែម្តង ដោយចំនួនការលក់សំបុត្រនឹងកើនឡើងខ្ពស់ផងដែរ៕


ដោយ ហេង ហេង ណាលីន (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)





