FFC ចេញបញ្ជីក្រុមជម្រើសជាតិ U17 កម្ពុជា ២៣នាក់ចុងក្រោយ ត្រៀមជើងឯកអាស៊ាន នៅឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦--សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាក្រោមអាយុ១៧ឆ្នាំចំនួន ២៣នាក់ចុងក្រោយ ដើម្បីត្រៀមចូលរួមប្រកួតជើងឯកយុវជនអាស៊ានអាយុក្រោម១៧ឆ្នាំ (ASEAN U17 Boys’ Championship) ពីថ្ងៃទី១១-២៤ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។

ការសម្រេចបញ្ជី២៣នាក់ចុងក្រោយនេះ គឺបន្ទាប់ពីបានប្រកាសប្រមូលផ្តុំហ្វឹកហាត់ ២៧នាក់ ក្នុងបញ្ជីបឋម ដោយបានប្រមូលផ្តុំហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ ស្រុកបាទី ខេត្តតាកែវ កាលពីចុងខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ។ នៅក្នុងការការបោះជំរំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំនេះ ស្ថិតក្រោមការបង្វឹកពីលោក ខែក ខេមរិន្ទ គ្រូបង្គោល អមដោយគ្រូជំនួយ លោក ស៊ុន សុបញ្ញា លោក ទៀង ទីនី និងលោក អ៊ុំ សេរីរ័ត្ន ជាគ្រូអ្នកចាំទី។

យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានឱ្យដឹងថា ការប្រកួតបាល់ទាត់ជើងឯកអាស៊ានអាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០២៦នេះមាន១២ក្រុមចូលរួមប្រជែងជើងឯក ដោយបែងចែកជា៣ពូល ដោយពូល A មានម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងទីម័រខាងកើត, ពូល B មាន ថៃ ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈពូល C មានក្រុមអូស្រ្តាលី កម្ពុជា សិង្ហបុរី និងព្រុយណេ។ ចំពោះ៣ប្រកួតក្នុងពូលC របស់ក្រុមកម្ពុជា រួមមាន៖ កម្ពុជាត្រូវប្រកួតបើកឆាកជាមួយក្រុមសិង្ហបុរី នាថ្ងៃទី១១ ខែមេសា, បន្តប៉ះជាមួយព្រុយណេ នាថ្ងៃទី១៤ ខែមេសា និងចុងក្រោយប៉ះក្រមខ្លាំង អូស្ត្រាលី ថ្ងៃទី១៧ ខែមេសា (នៅកីឡដ្ឋាន Gelora Delta Sidoarjo ទាំង៣ប្រកួត)។

ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល គឺក្រុមចំណាត់ថ្នាក់លេខ១ ស្មើនឹង៣ក្រុមនៃពូលទាំងបី បូកនឹងក្រុមលេខ២ល្អផ្តាច់គេ១ក្រុមនឹងបានឡើងទៅប្រកួតនៅវគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី២២ ខែមេសា ខណៈវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ AFF បានបង្ហាញរូបមន្តប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ប្រសិនបើ ក្រុមចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេ ដែលស្ថិតក្នុងពូល A ឬ ពូល C គឺក្រុមលេខ២នេះនឹងត្រូវប៉ះជាមួយក្រុមលេខ១ មកពីពូល B ខណៈក្រុមលេខ១ ពូលA ត្រូវប៉ះក្រុមលេខ១ ពូល C។ ប៉ុន្តែប្រសិនបើក្នុងករណី ក្រុមចំណាត់ថ្នាក់លេខ២ ស្ថិតនៅក្នុងពូល B នោះគឺក្រុមលេខ២ល្អផ្តាច់គេក្នុងពូលC នេះត្រូវប៉ះជាមួយក្រុមលេខ១ពូលA ខណៈលេខ១ពូលB ប៉ះក្រុមលេខ១ពូលC៕

ដោយ ហេង ណាលីន (រូបភាព៖ FFC)





