អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឱ្យពង្រឹងសន្តិសុខ ដើម្បីធានាសុវត្ថិភាព និងភាពសប្បាយរីករាយជូនពលរដ្ឋ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ខែមេសាឆ្នាំ២០២៦--ក្នុងគោលដៅធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលមកដល់ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការងារភូមិឃុំសង្កាត់មានសុវត្ថិភាព។ 
នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអភិបាលក្រុង-ស្រុកទូទាំងខេត្ត ដើម្បីបូកសរុបលទ្ធផលការងារខែមីនា និងដាក់ទិសដៅយុទ្ធសាស្ត្រសម្រាប់ខែមេសា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រីបានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ថា "ភារកិច្ចចម្បងរបស់យើងគឺការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ខ្ញុំសូមជំរុញឱ្យកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការអនុវត្តគោលនយោបាយ 'ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព' ឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រួតពិនិត្យចរាចរណ៍ឱ្យបានហ្មត់ចត់ និងរៀបចំសង្ក្រាន្តតាមបណ្តាស្រុក-ក្រុងឱ្យបានអធិកអធម ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងទេសចរ។" 
ឯកឧត្តមបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន៖ការគ្រប់គ្រងចរាចរណ៍ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានក្នុងឱកាសបុណ្យទាន។ការរៀបចំសង្ក្រាន្ត ត្រូវរៀបចំឱ្យមានភាពទាក់ទាញ និងអធិកអធមនៅតាមបណ្តាក្រុង-ស្រុក ដើម្បីលើកកម្ពស់វប្បធម៌ និងទេសចរណ៍ក្នុងតំបន់។ការបង្ក្រាបបទល្មើសទប់ស្កាត់រាល់សកម្មភាពបង្កអសន្តិសុខផ្សេងៗ ដើម្បីឱ្យពលរដ្ឋដើរលេងកម្សាន្តដោយគ្មានការភ័យខ្លាច។
ជាការឆ្លើយតបទៅនឹងសមិទ្ធផលការងារខែមីនា ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងការកោតសរសើរដល់មន្ត្រីទាំងអស់។

ឯកឧត្តមក៏បានអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី ក្នុងស្មារតីតម្លាភាព "ការបែងចែកថវិកាលើកទឹកចិត្តមន្ត្រី ត្រូវតែធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ ដើម្បីជាកម្លាំងចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារនៅមូលដ្ឋាន។ យើងត្រូវបន្តតាមដាន និងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍នានាឱ្យទាន់ពេលវេលា។
ជាមួយនោះ ថ្នាក់ដឹកនាំទាំងពីរបានអំពាវនាវឱ្យមន្ត្រីរាជការទាំងអស់បន្តពង្រឹងរបៀបរបបធ្វើការងារ ជាពិសេសតាមរយៈយន្តការ "ច្រកចេញចូលតែមួយ" ដើម្បីផ្តល់សេវាជូនពលរដ្ឋឱ្យបានឆាប់រហ័ស ស្របតាមទិសដៅអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំនេះ ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យរំពឹងថានឹងទទួលបាននូវការអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រកបដោយសុវត្ថិភាព ភាពសប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អប្រសើរ៕
ដោយ ៖ឈុនសារ៉ាត





