ក្រុមនិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង ស្វែងយល់អំពីការងារអភិរក្ស កោះអាចម៍សេះ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦--អង្គការអភិរក្សសមុទ្រកម្ពុជា MCC មានសេចក្តីរីករាយណាស់ក្នុងការស្វាគមន៍ក្រុមនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) មកកាន់ កោះអាចម៍សេះដើម្បីស្វែងយល់បន្ថែមអំពីការងារអភិរក្ស ក្រោមការដឹកនាំដោយសាស្ត្រាចារ្យរបស់ពួកគេ គឺកញ្ញា ធីនី (Thiny)។ នេះបលតាមការឱ្យដឹងពីអង្គការ MCC នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ។

កញ្ញា ធីនី ធ្លាប់បានមកកាន់ កោះអាចម៍សេះ នេះជាច្រើនដងមកហើយ កាលនៅជាសិស្សវិទ្យាល័យនៃសាលា ឡៃហ្គឺ លីដឺហ្សិប អាកាដឺមី (Liger Leadership Academy) (២០១៧-២០២០) ក្រោមគម្រោង "ស្រាវជ្រាវសមុទ្រ"។

អតីតមិត្តរួមថ្នាក់ រួមទាំង ធីនី បានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិមិ្មត(FPS) ចំនួន ៣ឈុត ដេីម្បីសិក្សាស្រាវជ្រាវ និងតាមដានអំពីឥទ្ធិពលវិជ្ជមានរបស់ជម្រក ក៏ដូចជាបានរៀនសូត្រអំពីការការពារមហាសមុទ្រផងដែរ។

ឥឡូវនេះ ធីនី បានវិលត្រឡប់មកវិញក្នុងនាមជាសាស្ត្រាចារ្យ ដោយបាននាំនិស្សិតរបស់ខ្លួនមកស្វែងយល់បន្ថែម អំពីអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងចែករំលែកនូវទឹកចិត្តស្រឡាញ់បរិស្ថានដូចគ្នាទៅកាន់ពួកគេ៕
ដោយ៖ ណយ នឿន (ប្រភព៖MCC)





