ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា ជួបពិភាក្សាការងារជាមួយមន្ត្រីនៃគម្រោងកិច្ចសហប្រតិបត្តិការបារាំង (OIF)
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦--នាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានទទួលជួបជាមួយលោក Monsieur Kaloyan KOLEV មន្ត្រីនៃគម្រោងកិច្ចសហប្រតិបត្តិការបារាំង (OIF) ដោយបានពិភាក្សាពីការសិក្សាភាសាបារាំង សម្រាប់សិស្សភាសាបារាំងរបស់មជ្ឈមណ្ឌលជាតិ។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីបារាំង ដែលចាប់ពីឆ្នាំ២០១២ រហូតដល់ពេលបច្ចុប្បន្នបានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចំនួន៩វគ្គ មានសិក្ខាកាមសរុបចំនួន២២៨នាក់ ក្នុងនោះរួមមានវគ្គនាយទាហានសង្កេតការណ៍យោធាចំនួន៤វគ្គ វគ្គនាយទាហានសេនាធិការចំនួន២វគ្គ និងវគ្គសិក្សាភាសាបារាំងចំនួន៣វគ្គ និងបំពាក់សម្ភារសម្រាប់សិក្សាភាសាបារាំងមួយចំនួន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលោក Monsieur Kaloyan KOLEV ដែលបានចំណាយពេលដ៏មានតម្លៃមកទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិ។

ឯកឧត្តមបានលើកឡើងថា ក្រោមការសម្របសម្រួលរបស់ទីប្រឹក្សាបារាំង និងដោយបានទទួលការឧបត្ថម្ភគាំទ្រជាហរិញ្ញប្បទាន វគ្គសិក្សារៀបចំឡើងនៅវិទ្យាស្ថានឧដុង្គ រួមមាន នាយទាហានសេនាធិការយោធា នាយទាហាសង្កេតការណ៍យោធា វគ្គសិក្សាបំប៉នបន្ថែមផ្នែកភាសាបារាំង រួមទាំងបំពាក់សម្ភារសិក្សាភាសាបារាំងមួយចំនួនផងដែរ ហើយថាចំពោះសិក្ខាកាមដែលបានសិក្សាភាសាបារាំងក្រោមជំនួយអង្គការ Francophonie ត្រូវបានបញ្ជូន និងមានគម្រោងនឹងបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

តាមរយៈជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានសំណូមពរដល់ភាគីបារាំងឱ្យបំពាក់ឧបករណ៍សម្រាប់ថ្នាក់ភាសាបារាំងនៅក្នុងអគារនៃសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្តសហការជាមួយមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព ដើម្បីឱ្យសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ក្លាយជាសាលាគំរូថ្នាក់តំបន់ រួមនឹងការផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំរវាងប្រទេសទាំងពីរ និងចូលរួមក្នុងព្រឹត្តិការណ៍នានារួមគ្នាជាដើម។
ជាការឆ្លើយតប លោក Monsieur Kaloyan KOLEV មន្ត្រីនៃគម្រោងកិច្ចសហប្រតិបត្តិការបារាំង (OIF) បានបង្ហាញនូវការពេញចិត្ត ចំពោះការធ្វើកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាពេលកន្លងមករហូតដល់បច្ចុប្បន្ន ហើយថាចំពោះសំណូមពរដែលបានលើកឡើងដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាពេលនេះលោកនឹងយកទៅដាក់ជូនថ្នាក់លើរបស់លោកដើម្បីពិនិត្យ និងសម្រេច៕
ដោយ៖ ចាន់ សុភឿន





