ក្រសួងវប្បធម៌នឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦
AKPភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៦--ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាសម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា ឆ្នាំ ២០២៦តទៅក្នុងទីតាំងចំនួន១៣ក្នុងខេត្តចំនួន៩។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈឱ្យដឹងនៅថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២៦ថាកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា នេះតទៅនៅទីតាំង ចំនួន១៣ ក្នុងខេត្តចំនួន៩ដូចជា ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។

ប្រភពខាងលើនេះបានបញ្ជាក់ថាជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមានតម្បាញសូត្រនិងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៍, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងដែរថាចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន២៨០,០០០រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ៕
ដោយ៖មករា





