ឯកឧត្តម អ៊ុំ រាត្រី ថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តព្រៃវែង និងក្រុមហ៊ុនវឌ្ឍនៈ ដែលបានឧបត្ថម្ភស្បៀងអាហារ និងថវិកា ជួយដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦--ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែកក្នុងគ្រាលំបាក ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ព្រមទាំង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ដែលបាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅសាលាខេត្តកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ។

សកម្មភាពមនុស្សធម៌ និងអំណោយដែលទទួលបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខ របស់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក និងជម្លៀសខ្លួនពីលំនៅឋានមករស់នៅទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងដៃគូសប្បុរសជន បានផ្តល់នូវការឧបត្ថម្ភរួមមាន៖ អំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ថវិកាចំនួន១០,០០០,០០០រៀល(ដប់លានរៀល) អង្ករចំនួន ១០,០០០ គីឡូក្រាម, មីជាតិចំនួន ៣០០ កេសតូច, ត្រីខចំនួន ១០០ កេស។ អំណោយពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ (អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ)អង្ករចំនួន ១,០០០ គីឡូក្រាម, ទឹកសុទ្ធវីអាក់ទីវ (V-Active) ចំនួន ១០០ កេស, ភេសជ្ជៈវីអាក់ទីវចំនួន ១០០ កេស។

ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងមូល ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បញ្ជាក់ថា កាយវិការដ៏សប្បុរសនេះ គឺជាសក្ខីភាពបង្ហាញពីការរួមសុខរួមទុក្ខ និងជាការឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែករបស់ប្រជាជនខ្មែរក្រោមដំបូលនៃសន្តិភាព។ អំណោយទាំងនេះនឹងត្រូវចាត់ចែងយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងមានតម្រូវការបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ជាមួយនោះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានប្រសិទ្ធពរជ័យយ៉ាងបវរមហាប្រសើរជូនចំពោះ ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ ព្រមទាំងក្រុមការងារ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ សូមឱ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយឈុនសារ៉ាត





