ឯកឧត្តម វង្ស ផាណាត និង ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា និងបើកព្រឹត្តិការណ៍សង្ក្រាន្តនៅឆ្នេរអូរឈើទាល
AKP ព្រះសីហនុ ថ្ងៃទី៥ ខែមេសា ឆ្នាំ៣០២៦ -- នារសៀលថ្ងៃអាទិត្យទី៥ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម វង្ស ផាណាត និងលោកជំទាវ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅឆ្នេរអូរឈើទាល និងបើកព្រិត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅរង្វង់មូលឆ្នេរអូរឈើទាលដោយមានការសម្តែងសិល្បៈវប្បធម៌ខ្មែរ ល្បែងប្រជាប្រិយ៍ និងរាំកម្សាន្តដើម្បីអបអរសាទរមហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧៩ គ.ស. ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹម និងក្តីសង្ឃឹម នៃខេត្តព្រះសីហនុ smiling and hoping of Preah Sihanouk Province» នៅរង្វង់មូលឆ្នេរអូរឈើទាលក្រុងព្រះសីហនុ សង្ក្រាន្តឆ្នាំថ្មីនាំមកនូវស្នាមញញឹមភាពសប្បាយរីករាយសម្រាប់អ្នកចូលរួមយ៉ាងច្រើនកុះករ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសកំពុងត្រៀមរៀបចំមហាសង្រ្គាន្តឆ្នាំមមីទទួលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ កបិលមហាព្រហ្ម និងបង្ហាញនូវសេចក្តីស្រលាញ់ចំពោះជាតិ មាតុភូមិ តាមរយៈការរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង គឺសាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។

ព្រឹត្តិការណ៍សង្ក្រាន្តនាពេលនេះ បង្ហាញគោលបំណង ផ្សព្វផ្សាយដល់សាធារណ ជន ទាំងភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តឱ្យបានកាន់តែច្រើនកុះករនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងពីប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណ កាលមក។ ពិធីបុណ្យចូលឆ្នាំថ្មី គឺជាបុណ្យដ៏សំខាន់ក្នុងចំណោមពិធីបុណ្យទាំង អស់របស់ប្រជាជនខ្មែរដែលគេតែងប្រារព្ធធ្វើ ឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ឬ១៤ ១៥ និង១៦ ខែមេសា។ ដូច្នេះប្រជាជនខ្មែរតែងតែប្រារព្ធ ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងជូនពរគ្នាទៅវិញទៅ មកឱ្យមានសុខភាពល្អ មានសិរីសួស្តី បវរមហាប្រសើរ ជោគជ័យ និងសុភមង្គលក្នុងជីវិត។ ពិធីបុណ្យចូលឆ្នាំថ្មីប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ថ្ងៃទី១ គឺ «ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃទី២ គឺ «ថ្ងៃវារៈវ័នបត» ថ្ងៃទី៣ គឺ «ថ្ងៃឡើងស័ក» ។

ទន្ទឹមនោះប្រជាជនខ្មែរនិយមលេងល្បែងប្រជាប្រិយនៅតាម ទីវត្តអារាមនានាមានដូចជា ល្បែងសេ្តចចង់ ចោល ឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បិតពួន បោះអង្គុញ ទាញព្រ័ត រាវបង្កង បាយខុំ និងចត្រង្គជាដើម ។ល។ ការលេងល្បែងប្រជាប្រិយ គឺមាន ប្រយោជន៍ដល់រាង កាយ ផ្លូវចិត្ត ការហាត់ ប្រាណ ហាត់ភ្នែក ហាត់ជើងដៃឪ្យមានសុខភាពល្អ ភ្នែកវៃ ដៃជើងរហ័សរហួន ម្យ៉ាងទៀតល្បែងទាំងនេះ ជាអារ្យធម៌ចាស់របស់ខ្មែរ ដែលបានបង្កើតនូវល្បែងប្រជាប្រិយជាច្រើន។
ឯកឧត្ដម អភិបាលខេត្តបានបញ្ចាក់ថា ទន្ទឹមនឹងលេងល្បែងប្រជាប្រិយ៍ យើងក៏សម្ពោធសមិទ្ធិផលនានាកើត ឡើងពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត សហការជាមួយមន្ទីរ-អង្គភាព និងបងប្អូនម្ចាស់តូបរៀបចំគម្រោងកែលម្អឆ្នេរអូរឈើទាលរួមមាន÷
១.រៀបចំចំណតរថយន្តបានបញ្ចប់ ១០០ភាគរយ ការងារចាក់បេតុង និងគូសស្លាកសញ្ញា ដាក់ភ្លើងបំភ្លឺសូឡា ៦៩ដើម, រ៉េហ្គែលូទឹកកខ្វក់ចំនួន ២៧ កន្លែង, ដាំដើមអង្គារសិល្ប៍ ៣១១ដើម, ដើមស្លាកំប្រុក ៨៦ដើម, ដើមឈើ ទាល ២០០ដើម និងដាក់ដាំស្មៅទំហំ ១ ២០០ម៉ែត្រការ៉េ។
២.ការងារគ្រប់គ្រងប្រព័ន្ធអគ្គិសនី ជំរុញបងប្អូនអាជីវករតបណ្តាញអគ្គិសនី ននិងខ្សែកាបអ៊ុបទិកក្រោមដី ក្រោយតូបអាហារនីមួយៗ។
៣.សាងសង់ផ្លូវដើរ ក្រោយតូប និងផ្លូវដើរមុខតូបដោយចាក់បេតុង អ៊ុតពណ៌បញ្ចប់ ១០០ភាគរយ។
៤.កែលម្អតូបអាហារ និងបើកផ្លូវដើរចូលឆ្នេរចំនួន ៧ច្រក។
៥.បំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងចំណតរថយន្ត។
៦.បានបញ្ចប់គម្រោងសាងសង់ឃ្លាំងស្តុកពោង ១ខ្នង ទទឹង ៨ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ។
៧.សាងសង់ស្លាក (ខ្ញុំស្រឡាញ់ក្រុងព្រះសីហនុ) អ៊ុតពណ៌ក្នុងបរិវេណរង្វង់មូលបេះដូង។
៨.លាបពណ៌ក្លោងទ្វាឆ្នេរ និងស្លាកក្លឹបឆ្នេរឡើងវិញ។
៩.ជួសជុលបន្ទប់ទឹកសាធារណៈ ១ខ្នង សាងសង់អគារកម្លាំងកងរាជអាវុធហត្ថយាមប្រចាំការ។
១០.ដាក់ដុំបាល់នៅផ្លូវចេញ-ចូលឆ្នេរ ការពារការជិះម៉ូតូចូលឆ្នេរកម្សាន្ត ដែលបង្កឱ្យគ្រោះថ្នាក់។ សមិទ្ធផលទាំងនេះប្រែក្លាយឆ្នេរអូរឈើទាលជាទិសដៅទេសចរណ៍ស្អាត ទំនើប និងមានស្តង់ដារ ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ខេត្តព្រះ សីហនុ ក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រឈានមុខ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់គ្រប់ភាគីបន្តចូលរួមថែរក្សាសមិទ្ធិផលនេះ ដោយចូលរួមសម្អាតអនាម័យ បរិស្ថាន សំអាតឆ្នេរអូរឈើទាល ដើម្បីប្រយោជន៍រយៈពេលវែងសម្រាប់សេដ្ឋកិច្ច និងជីវ ភាពរបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ។
សូមរម្លឹកថា សង្ក្រានឆ្នាំ២០២៥ បានរៀបចំធ្វើនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ៕
ដោយ ងូ សុមុនី





