ពិធីប្រណាំរទេះគោ ខេត្ត កំពង់ស្ពឺ ឆ្នាំ២០២៦មានអ្នកចូលរួមប្រកួតកើនឡើងគោពី៥០ទៅ៨០នឹម
AKPកំពង់ស្ពឺថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៦ – ការប្រណាំងរទេះសាឡី គោលឿនដែលបានប្រព្រឹត្តិឡើង នាឆ្នាំ២០២៦នេះត្រូវបានរៀបចំឡើងស្ថិតនៅ ភូមិ ស្នោទី១ សង្កាត់ រកាធំ ក្រុង ច្បារមន ខេត្ត កំពង់ស្ពឺ។

ការប្រណាំងរទេះសាឡី គោលឿន នេះដែរត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានចូលមកដល់ និងក៏ដូចជាលើកស្ទួយវប្បធម៌ប្រពៃណីបុរាណខ្មែរពិសេសរទេះគោដែលជារបស់ដូនតារបស់ខ្មែរ ដ៏យូរលង់មកហើយ។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត កំពង់ស្ពឺ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថាជាទូទៅចំនួនអ្នកចូលរួមប្រកួតបានកើនឡើងជាបន្តបន្ទាប់ក្នុងនេះដូចជាឆ្នាំ២០២៥កន្លងមកមានចំនួនតែ៥០នឹមគោទេដែលចូលរួម ប៉ុន្តែសម្រាប់ឆ្នាំ២០២៦នេះមានអ្នកចូលរួមរហូតដល់៨០នឹម ក្នុងនេះការប្រកួតមានគោ២ប្រភេទចូលរួមគឺ គោនឹមតូច និងប្រភេទនឹមធំ ។ក្នុងនេះនឹមតូចចូលរួមមានចំនួន៥០នឹម ចំណែកនឹមធំមានចំនួន ៣០នឹម។ ការប្រកួតនេះមានចំនួន២ថ្ងៃពោលគឺកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២៦ប្រកួតគោនឹមតូចជម្រុះ ដោយយកត្រឹម៦នឹមមកប្រកួតបូកជាមួយគោនឹមធំចំនួន៣០នឹមសរុបមានចំនួន៣៦ បានចូលរួមប្រកួតនៅថ្ងៃទី ៥មេសា ឆ្នាំ ២០២៦ដើម្បីប្រកួតផ្តាច់ព្រ័ត្រ។

លោកបានបញ្ជាក់ថា តាមរយៈការមើលឃើញសារៈប្រយោជន៍នៃការប្រណាំងរទេះសាឡី គោលឿនរបស់ចាស់បុរាណខ្មែរ និងដើម្បីលើកស្ទួយវិស័យវប្បធម៌ប្រពៃណីខ្មែរមួយនេះកាន់តែខ្ពស់ត្រដែតថែមទៀតមន្ទីរក៏ដូចជាភាគីពាក់ព័ន្ធគ្រោងនឹងធ្វើការសិក្សាស្រាវជ្រាវបំពេញបន្ថែមនូវឯកសារមួយចំនួនដើម្បីស្នើសុំមន្រ្តីជំនាញពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីបញ្ចូលការប្រណាំងរទេះសាឡី គោលឿនឱ្យទៅជាសម្បត្តិបេតិកភណ្ឌជាតិ។

គួរបញ្ជាក់ថាការប្រណាំងរទេះសាឡី គោលឿននាឆ្នាំនេះលទ្ធផល ផ្នែកគោធំលេខ ១បានទៅលើលោក ស្រី ចាន់ ដែលមានគោឈ្មោះ សួស្តី ស្តារិច មកពី ខណ្ឌ កំបូល រាជធានីភ្នំពេញ,លេខ២បានទៅលើ លោក សឿន មករា ដែលមានគោ ឈ្មោះអានីព្រើតមែន មកពីខេត្តកំពង់ស្ពឺ និង លោក ប្រាក់ ពិសី ដែលមានគោឈ្មោះអាថាវរិនមកពីខេត្តកំពង់ស្ពឺ។ចំណែកផ្នែកគោតូចលេខ១ទៅលើ លោក ប៉ូរដ្ឋា ដែលមានគោឈ្មោះថាច័ន្ទរៈ លេខ២បានទៅលើលោកផនគន្ធា ដែលមានគោឈ្មោះអាពេជ្រ, , លេខ៣បានទៅលើ លោក វី វិរៈ មកពី ខេត្ត កំពង់ស្ពឺ។
ការប្រណាំងរទេះសាឡី គោលឿននេះត្រូវបានគេដឹងថាមានដើមកំណើត និង ដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ។គោលបំណងចម្បងនៃការប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ គឺចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ៕
ដោយ៖ មករា





