សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ពង្រឹងសមត្ថភាពសង្រ្គោះបឋមដល់ពលរដ្ឋ និងកម្មករជិត ៧០នាក់ ដើម្បីឆ្លើយតបគ្រោះថ្នាក់បន្ទាន់
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ – សមត្ថភាពក្នុងការជួយសង្រ្គោះជីវិតមនុស្សក្នុងស្ថានភាពអាសន្ន គឺជាជំនាញមិនអាចខ្វះបានសម្រាប់ពលរដ្ឋគ្រប់រូប។ ជាក់ស្តែង រយៈពេល ២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ កន្លងមកនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការផ្សព្វផ្សាយ និងបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី សរុបចំនួន ៦៧នាក់ ក្នុងក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។

អនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្តលោកស្រី សុខ លាភា នាយិកាសាខា និងក្រុមប្រតិបត្តិសាខា បានសហការយ៉ាងជិតស្និទ្ធជាមួយអនុសាខាក្រុងទាំងពីរ ដើម្បីផ្តល់ចំណេះដឹងសំខាន់ៗទាំងនេះ កាលពីថ្ងៃទី០៣ ខែមេសាចុះផ្សព្វផ្សាយដល់ក្រុមជំនុំមេតូឌីស ក្រុងសិរីសោភ័ណ ចំនួន ៣០នាក់ (ស្រី ១៨នាក់)។ថ្ងៃទី០៤ ខែមេសាបន្តបណ្តុះបណ្តាលដល់កម្មករ កម្មការីនី នៅរោងចក្រ ហាយ-ថេកអឹភែរឹល (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ចំនួន ៣៧នាក់ (ស្រី ១២នាក់)។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ លោកស្រី សុខ លាភា និងគ្រូជំនាញបានលើកយកមេរៀនគ្រឹះដែលចាំបាច់បំផុតក្នុងការអនុវត្តជាក់ស្តែងមកបង្ហាញ រួមមានមូលដ្ឋានគ្រឹះតួនាទីអ្នកសង្រ្គោះ និងគោលការណ៍គ្រឹះនៃមនុស្សធម៌។ការឆ្លើយតបបន្ទាន់ វិធីសាស្រ្តសង្រ្គោះក្នុងសភាពស្ហុក, ការដាក់ដំណេកសុវត្ថិភាពពេលសន្លប់បាត់ស្មារតី និងការដោះស្រាយបញ្ហាស្លាក់។
បច្ចេកទេស CPRការជួយសង្រ្គោះក្នុងករណីវិបត្តិផ្លូវដង្ហើម និងការបញ្ឈប់ការហូរឈាម។ ការគ្រប់គ្រងរបួស វិធីរុំរបួសស្រាល-ធ្ងន់ និងការសង្រ្គោះបឋមករណីបាក់ឆ្អឹង រួមទាំងបច្ចេកទេសបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យឱ្យមានសុវត្ថិភាព។

ថ្លែងក្នុងឱកាសនោះ លោកស្រី សុខ លាភា បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានភាពម្ចាស់ការលើខ្លួនឯង និងអាចក្លាយជា "អ្នកសង្រ្គោះជួរមុខ" ប្រកបដោយប្រសិទ្ធភាព។
"វិជ្ជាសង្រ្គោះបឋម មិនត្រឹមតែជាជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់ក្តីសង្ឃឹម និងការការពារជីវិតនៅកន្លែងការងារ ក្នុងផ្ទះ និងក្នុងសហគមន៍ មុនពេលគ្រូពេទ្យជំនាញមកដល់"។ នេះជាប្រសាសន៍សង្កត់ធ្ងន់របស់លោកស្រីនាយិកាសាខា។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ និងបង្កើនការយល់ដឹងអំពីសុវត្ថិភាពនៅតាមបណ្តារោងចក្រសហគ្រាស និងសហគមន៍មូលដ្ឋាន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
ដោយ៖ ឈុន សារ៉ាត





