អភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការរៀបចំត្រៀមសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ -- លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែលម្អសោភ័ណភាព ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

នាឱកាសនេះ លោកជំទាវអភិបាលខេត្តមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញមានស្ថិរភាពរឹងមាំកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានល្អ នោះទើបយើងមានឱកាសរៀបចំកម្មវិធីបុណ្យទាននានាទៅតាមប្រពៃណី ទំនៀមទម្លាប់។

លោកជំទាវបានបញ្ជាក់ថា ក្រៅពីការរៀបចំតុបតែងកែលម្អសោភ័ណភាពដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត គឺយើងត្រូវផ្ដោតសំខាន់លើការងារ ការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោង ដោយត្រូវចុះរៀបចំសណ្ដាប់ ធ្នាប់ជាប្រចាំឱ្យមានរបៀបរៀបរយល្អប្រសើរ ខណៈចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ពីព្រោះបងប្អូនប្រជាពលរដ្ឋដែលនៅស្រុកឆ្ងាយបានធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួន។ ដូច្នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

បើតាមលោកជំទាវបណ្ឌិត បាន ស្រីមុំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត រដ្ឋបាលខេត្តរដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទបានសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែងលម្អភ្លើងពណ៌នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈឱ្យមានសោភ័ណភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាឱ្យបានស្អាតដូចជា រមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ និងបរិវេណវិមានឯករាជ្យខេត្តជាដើម៕
ដោយ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន)





