ឯកឧត្តម លី ធុជ៖ បង្កើនការងារបោសសម្អាតមីនសម្រាប់កម្ពុជាឈានទៅរកអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ -- មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ បានបង្កើតឡើងក្នុងគោលដៅផ្តល់នូវដីប្រកបដោយសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនប្រជាជនកម្ពុជា ព្រោះថា ការងារបោស សម្អាតមីនជាកិច្ចការអាទិភាពមួយរបស់ជាតិ និងបន្តគាំទ្រយ៉ាងមុតមាំដោយបានដាក់ចេញនូវចក្ខុវិស័យ កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងឱកាសចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដែលគាំទ្រគម្រោងដោយមូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងស្រុកអង្លង់វែង និងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នេះ ។

ពិធីនេះក៏មានការចូលរួមពីលោក ម៉េត មាសភក្តី អភិបាលរងខេត្តតំណាងរបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទី នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ តំណាងឱ្យប្រជាជនកម្ពុជា និងសហគមន៍សកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាព ដែលបង្កើតឱ្យមានមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ នេះឡើង ក្នុងគោលដៅផ្តល់នូវដីប្រកបដោយសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែចាត់ទុកការងារបោសសម្អាតមីនជាកិច្ចការអាទិភាពមួយរបស់ជាតិ និងបន្តគាំទ្រយ៉ាងមុតមាំដោយបានដាក់ចេញនូវចក្ខុវិស័យកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមបានបញ្ជាក់ថា វឌ្ឍនភាពសកម្មភាពមីនរបស់កម្ពុជា មិនបានកើតឡើងដោយចៃដន្យទេ បើគ្មានសន្តិភាពពេលលេញនៅកម្ពុជា ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ បាននាំមកនូវសន្តិភាព និងបានធ្វើឱ្យដំណើរការបោសសម្អាតមីនដោយការភ័យខ្លាច ព្រមទាំងបង្កើតនូវមូលដ្ឋានសម្រាប់កម្ពុជាក្នុងការឈានទៅរកអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។


ឯកឧត្តម បានបន្តទៀតថា ជាមួយនឹងសមិទ្ធផលសម្រេចបានរយៈពេលជាង ៣០ឆ្នាំកន្លងទៅ បេសកកម្មរុករកគ្រាប់មីននៅតែបន្តនៅតាមតំបន់ដែលអតីតកាលបន្សល់ទុក ហើយសហគមន៍ជាច្រើនកំពុងរង់ចាំសុវត្ថិភាព។ បន្ថែមពីលើបញ្ហាប្រឈមមីនដែលនៅសេសសល់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទទួលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងកំពុងប្រឈមនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានយល់យ៉ាងច្បាស់ពីទុក្ខលំបាកទាំងនេះ និងបានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមដល់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋ៕
ដោយ៖ សួស សំរិត





