អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម ផ្សព្វផ្សាយ អប់រំពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់និស្សិត នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
AKP ភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦--
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug ក្នុងកម្មវិធីផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន និងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដល់និស្សិត និងសាស្រ្ដាចារ្យ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ កម្មវិធីផ្សព្វផ្សាយអប់រំនេះ បានធ្វើឡើងនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួង អង្គភាពទាំងពីរ និងនិស្សិតសរុបជាង២០០នាក់ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបានពាំនាំនូវប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តន៍នូវបទបញ្ជាលេខ ០១ បប ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាយុទ្ធសាស្ត្រពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយក៏ដូចជាការប្រកួតនូវវោហាកោសល្យនេះ និស្សិត នឹងទទួលចំណេះដឹងពាក់ព័ន្ធបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍ពីការប្រើប្រាស់ App NoDrug អ្នករាយការណ៍មានសុវត្ថិភាព ១០០% គ្មានអត្តសញ្ញាណសម្រាប់ឱ្យគេសង្ស័យ ឬសងសឹកឡើយ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងអំណរគុណដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានចូលរួមចំណែកបង្ការទប់ស្កាត់បានការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ក្នុងក្របខ័ណ្ឌក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានមានប្រសាសន៍ថ្លែងអំណរគុណដល់អាជ្ញាធររជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយបញ្ហាគ្រឿងញៀន បញ្ហាជំងឺអេដស៍ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហារួមដែលត្រូវតែរួមគ្នាធ្វើការបង្ការទប់ស្កាត់ដើម្បីអនាគតយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ។ ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងថា ការងារផ្សព្វផ្សាយក៏ដូចជាការប្រកួតវោហាកោសល្យ ពិតជាមានសារសំខាន់ និងទាក់ទាញចំណាប់អារម្មណ៍ពីនិស្សិតទាំងអស់ ដើម្បីសិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug សម្រាប់ចូលរួមប្រកួតលើកកម្ពស់ការបានការយល់ដឹងកាន់តែទូលំទូលាយពីផលប៉ះពាល់នៃគ្រឿងញៀននឹងធានាបាននូវសុខុមាលភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងនិស្សិតនៅក្រោមការគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងផងដែរ។


ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ «យើងទាំងអស់គ្នាត្រូវតែរួមសហការគ្នាធ្វើយ៉ាងណាឱ្យជីវិតយើង និងសហគមន៍យើងគ្មានគ្រឿងញៀនពោលគឺការលុបបំបាត់គ្រឿងញៀន ដោយផ្តើមចេញពីយើងទាំងអស់គ្នា។ ខ្ញុំ សូមលើកទឹកចិត្តបន្ថែមដល់និស្សិតទាំងអស់ ឱ្យបដិសេធគ្រឿងញៀន និងបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ ស្របតាមទិសស្លោក កូនល្អ មិត្តល្អ និស្សិតល្អ ពលរដ្ឋល្អ និងអនាគតទំពាំងស្នងឫស្សីល្អរបស់កម្ពុជា»៕

ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





