វគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន រោងចក្រ លើកទី៩
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦-- នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» លើកទី៩។ វគ្គសិក្សារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ មានសារសំខាន់សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ ប្រចាំសហគ្រាស ក្រុមហ៊ុន រោងចក្រ និងអ្នកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីបំពេញបេសកកម្ម និងតួនាទីបានពេញលេញស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាពង្រឹងវិសាលភាពក្នុងការបង្ការ និងទប់ស្កាត់រាល់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ដល់កម្មករនិយោជិត ដោយប្រើវិធីសាស្ត្រត្រឹមត្រូវ និងទាន់ពេលវេលា។


តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញនៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញ ដើម្បីណែនាំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ លើមេរៀនសំខាន់ៗរួមមាន មូលដ្ឋានគ្រឹះ និងសារៈសំខាន់នៃសុវត្ថិភាពការងារ ការកំណត់ហានិភ័យ កម្រងប្រកាសពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ សុវត្ថិភាពឡចំហាយ សម្ភារការពារបុគ្គល (PPE) ការសង្គ្រោះបឋម (First aid) ទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាស ការលើកដាក់ទម្ងន់ សុវត្ថិភាពអគ្គិភ័យ និងអគ្គិសនី ការទុកដាក់សារធាតុគីមី ឥរិយាបថបំពេញការងារ ផែនការឆ្លើយតបគ្រាអាសន្ន ភាពតានតឹងដោយកម្តៅ ព្រមទាំងចូលរួមផ្សព្វផ្សាយអំពីបញ្ហាជំងឺមិនឆ្លង។


សូមបញ្ជាក់ផងដែរថា ការរៀបចំការបណ្តុះបណ្តាលនេះគឺបង្ហាញពីការបន្តយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាពការងាររបស់បងប្អូនកម្មករនិយោជិត ស្របតាមការវិវឌ្ឍនៃពិភពការងារ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងការងារ)





