មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុនក្នុងវិស័យអេឡិចត្រូនិច សហការគ្នាពង្រឹងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ -- មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុនក្នុងវិស័យអេឡិចត្រូនិច កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការគ្នាពង្រឹង និងពង្រីកការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាឱ្យស្របតាមតម្រូវការទីផ្សារការងារ ទាំងពេលបច្ចុប្បន្ន និងអនាគត។ មូលនិធិ SDF បានរៀបចំកិច្ចពិភាក្សាជាមួយសមាគមអេឡិចត្រូនិច និងបច្ចេកវិជ្ជាកម្ពុជា (CETA) រួមជាមួយក្រុមហ៊ុនក្នុងវិស័យអេឡិចត្រូនិចមានដូចជា ក្រុមហ៊ុន Comin Khmere ក្រុមហ៊ុន Panasonic ក្រុមហ៊ុន GGEAR ក្រុមហ៊ុន DHINMEX ក្រុមហ៊ុន ICE Electronic និងដៃគូគ្រឹះស្ថានបណ្តុះបណ្តាលសំខាន់ៗ រូមមាន វិទ្យាស្ថាន EDI និង CJCC ដើម្បីពិភាក្សាទៅលើការពង្រឹង និងពង្រីកការអភិវឌ្ឍធនធានមនុស្ស ដែលអាចធានាថា កម្លាំងពលកម្មកម្ពុជាមានសមត្ថភាពខ្ពស់ និងអាចបត់បែនតាមការវិវត្តបច្ចេកវិទ្យាថ្មីៗបានយ៉ាងប្រសើរ។


គោលបំណងសំខាន់ៗនៃកិច្ចពិភាក្សានេះរួមមាន យន្តការគាំទ្ររបស់មូលនិធិ SDF បទបង្ហាញពីកម្មវិធីគាំទ្ររបស់មូលនិធិ SDF ក្នុងការជំរុញការអភិវឌ្ឍជំនាញកម្លាំងពលកម្មឱ្យឆ្លើយតបនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ ការដោះស្រាយបញ្ហាខ្វះខាតជំនាញ ដោយកំណត់បញ្ហាប្រឈម និងតម្រូវការជំនាញដែលសហគ្រាសកំពុងត្រូវការ។ ការបង្កើតបណ្តាញទំនាក់ទំនង ផ្សារភ្ជាប់រវាងគ្រឹះស្ថានបណ្តុះបណ្តាល (Supply Side) និងវិស័យឯកជន (Demand Side) លើការរៀបចំវគ្គបណ្ដុះបណ្ដាលដែលឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។ ការលើកកម្ពស់ផលិតភាពការងារ ដោយរួមមានការជំរុញការអភិវឌ្ឍជំនាញលើជំនាញផលិតភាព ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយការខ្ជះខ្ជាយក្នុងសហគ្រាស។

គិតត្រឹមឆ្នាំ២០២៦ មានសិក្ខាកាមចំនួន ១.២១២នាក់ ត្រូវបានបណ្ដុះបណ្ដាលក្នុងវិស័យអេឡិចត្រូនិច ក្រោមការគាំទ្រពីមូលនិធិ SDF។ មូលនិធិ SDF នឹងបន្តបេសកកម្មអភិវឌ្ឍន៍កម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ដើម្បីចូលរួមចំណែកប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យឆ្នាំ ២០៥០៕
ដោយ៖ ណយ នឿន (ប្រភព៖ មូលនិធិអភិវឌ្ឍន៍ជំនាញ)





