សាកលវិទ្យាល័យជាតិគ្រប់គ្រងរៀបចំអិនយូអឹមសង្ក្រាន្ត ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក អិនយូអឹមសង្ក្រាន្ត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលកម្មវិធីអិនយូអឹមសង្ក្រាន្តឆ្នាំថ្មីនាឆ្នាំនេះត្រូវប្រារព្ធធ្វើរយៈពេលពីរថ្ងៃ ត្រូវនឹងថ្ងៃទី០៣ និងទី០៤ ខែមេសា ឆ្នាំ២០២៦ ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិ បង្កលក្ខណៈឱ្យនិស្សិត និងយុវជនបានចូលរួមដោយផ្ទាល់ក្នុងការលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ ការសម្តែងរបាំប្រពៃណីខ្មែរ ការទស្សនាស្តង់ពិព័រណ៍នានា ទស្សនាការប្រគុំតន្ត្រីបុរាណ និងតន្ត្រីសម័យដែលមានតារាល្បីៗជាច្រើនចូលរួម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរៀបចំកម្មវិធីអិនយូអឹមសង្រ្កាន្តនេះឡើង ក្នុងគោលបំណងបង្កើតបរិយាកាសមនោរម្យសម្រាប់ក្មួយៗសិស្សានុសិស្ស និងនិស្សិតទាំងអស់ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំកម្មវិធីដែលមានការរៀបចំជាស្តង់ និងរបាំប្រពៃណីជាដើម ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់យុវជនស្ម័គ្រចិត្ត និងការហ្វឹកហាត់របស់ក្រុមសិល្បៈនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានសម្តែងរបាំប្រពៃណីបានយ៉ាងល្អគួរជាទីមោទនៈ។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវីរកងទ័ពកម្ពុជា ដែលបាន និងកំពុងឈរជើងការពារបូរណភាពទឹកដី និងបានកោតសរសើរសាកលវិទ្យាល័យជាតិគ្រប់គ្រងចំពោះស្មារតីសាមគ្គីភាពក្នុងការកៀរគរថវិកា សម្ភារ និងក្រមា ដើម្បីគាំទ្រដល់យុទ្ធជនជួរមុខ និងប្រជាពលរដ្ឋក្នុងតំបន់ព្រំដែន ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងការដោះស្រាយជម្លោះនានាតាមផ្លូវច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





