រដ្ឋមន្ត្រីក្រសួងអប់រំវាយតម្លៃខ្ពស់ចំពោះសហព័ន្ធសេវាអប់រំកម្ពុជា ដែលបានចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហព័ន្ធសេវាអប់រំកម្ពុជា ដែលបានចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាចូលរួមចំណែករាល់សកម្មភាពសប្បុរសធម៌នានារបស់ក្រសួង ដើម្បីជួយដល់បុគ្គលិកអប់រំដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់យោធាថៃ។ ក្នុងជំនួបសម្តែងការគួរសម និងជូនពរសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅពេលខាងមុខ ពីសំណាក់សហព័ន្ធសេវាអប់រំកម្ពុជា និងសាលារៀនឯកជនជាសមាជិកសហព័ន្ធ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះសមាជិកសហព័ន្ធសេវាអប់រំកម្ពុជាទាំងអស់ ដែលបានចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាំងពីដើមរៀងមក ជាពិសេសតែងតែបានយកចិត្តទុកដាក់ក្នុងការឧបត្ថម្ភគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាចូលរួមចំណែករាល់សកម្មភាពសប្បុរសធម៌នានារបស់ក្រសួង ដើម្បីជួយដល់បុគ្គលិកអប់រំដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់យោធាថៃ។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តទទួលរាល់សម្ភារ ថវិកា កញ្ចប់សម្ភារសិក្សា សម្ភារប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគនានាពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបែងចែក និងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹកនៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ ក៏ដូចជាសាងសង់លេណដ្ឋានពហុបំណងដើម្បីការពារសុវត្ថិភាពបុគ្គលិកអប់រំ និងសិស្សានុសិស្សក្នុងករណីមានហេតុការណ៍អាសន្នណាមួយកើតឡើង៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





