គ្រួសារអតីតយុទ្ធជនពលីដែលមានជីវភាពលំបាកខ្វះខាតនៅក្រុងស្ទឹងសែនទទួលបានផ្ទះថ្មីដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
AKP កំពង់ធំ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ទេព សោភ័ណ្ឌ អភិបាលរងក្រុង តំណាងលោក ឡង គីសឹង អភិបាលក្រុង និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុងស្ទឹងសែន កាលពីថ្ងៃទី០៣ ខែមេសាឆ្នាំ២០២៦ បានដឹកនាំសហការីទៅប្រគល់ផ្ទះថ្មី០១ខ្នងដែលជាខ្នងទី៣៥ ក្នុងក្រុងស្ទឹងសែន អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលី ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកស្រី និន សាមី អាយុ ៦០ឆ្នាំ បានរៀបរាប់ថា ប្ដីរបស់គាត់មានឈ្មោះ ឈឿន ឈូយ ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៩ នៅអង្គភាពវរសេនាតូចលេខ១៥ កងទ័ពជើងទឹក វាយលើគោក មានឋានន្តរសក្ដិ ពលបាលឯក និងមានតួនាទីជាអនុប្រធានក្រុម។ គាត់ធ្លាប់បានឆ្លងកាត់ការប្រយុទ្ធនៅតាមបណ្ដោយដងស្ទឹងសែន ក្នុងភូមិសាស្រ្តបឹងទន្លេសាប ហើយគាត់បានពលីជីវិតនៅក្នុងឆ្នាំ២០១០ ដោយសាររបួសរើឡើង។ លោកស្រី និន សាមី មានជីវភាពលំបាកខ្វះខាត ហើយមានជម្រកស្នាក់នៅមិនសមរម្យ ដោយមានសមាជិកគ្រួសារចំនួន ៣នាក់ នៅក្នុងបន្ទុក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មីដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ហើយកន្លងទៅនេះ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន៣៥ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។


ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ទេព សោភ័ណ្ឌ បាននាំយកនូវស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកស្រី និន សាមី សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះផងដែរ។

លោក ទេព សោភ័ណ្ឌ អភិបាលរងក្រុងស្ទឹងសែន តំណាងលោក ឡង គីសឹង អភិបាលក្រុង ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុងស្ទឹងសែន និងតំណាងឱ្យក្រុមគ្រួសារអតីតយុទ្ធជនពលីបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង ដែលជាខ្នងផ្ទះទី៣៥ នៅក្រុងស្ទឹងសែន និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលី នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា





