អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះពិនិត្យត្រៀមរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរខាងមុខនេះ
AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរាជការចុះពិនិត្យទីតាំង រៀបចំកម្មវិធីសង្ក្រាន្តទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ នៅមុខសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា បុណ្យប្រពៃណីជាតិផ្ដោតសំខាន់លើការងារការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ ជាប្រចាំដើម្បីអោយ មានរបៀបរៀបរយល្អប្រសើរ ខណៈពេលចាប់ពីថ្ងៃនេះតទៅរហូត ដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរគឺបងប្អូនប្រជាពលរដ្ឋដែលនៅស្រុកឆ្ងាយបានធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួន។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជាមួយសមត្ថកិច្ចត្រូវរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍ថា មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត រដ្ឋបាលខេត្តនិងរៀបចំធ្វើសង្រ្កានឆ្នាំថ្មី នៅបរិវេនសាលាខេត្តដែលជាបេះដូងរបស់ខេត្ត ហើយដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយនិងលំហែកាយ។ដូច្នេះហើយសូមអោយថ្នាក់ដឹនាំក្រុងស្រុកមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវត្រៀមរៀបចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួនមកដាក់តាំងនៅបវិវេណសាលាខេត្តដើម្បីចូលរួមអបអរសង្រ្កានឆ្នាំថ្មី។
មុនពិធីបុណ្យចូលឆ្នាំចូលមកដល់ យើងត្រូវសម្អាត តុបតែងផ្ទះ តុបតែងវត្តអារាម តុបតែងទីធ្លាសាធារណៈផ្សេងៗ បូកទាំងខ្ទមអ្នកតាមផង។ ក្រៅពីនោះ យើងត្រូវត្រៀមគ្រឿងរណ្ដាប់ទទួលទេវតា ដែលមានផ្លែឈើ ផ្កា ធូប ទៀន ដើម្បីអុច ទទួលទេវតា។ ក្រៅពីហ្នឹង យើងមានរៀបចំចង្ហាន់ ប្រគេនព្រះសង្ឃ និមន្តព្រះសង្ឃបង្សុកូល ជូនញាតិសន្តាន ដែលបានចែកឋានពិសេសឧទ្ទិសជូនដល់វីរកងទ័ពដែលលៈបង់ ការពារបូរណភាពទឹកដីពិការឈ្លានពានរបស់ប្រទេសសៀម។


ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានជំរុញដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈឱ្យបានស្អាតល្អ និងសហការជាមួយសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យចូលឆ្នាំ។ ត្រូវរៀបចំកន្លែងដុតទៀន ធូប ឱ្យនៅឆ្ងាយពីទំនិញ ដែលកំពុងដាក់តាំងលក់ដូរនៅតាមតូប ឬស្តង់ផ្សេងៗ។ ត្រូវម្ចាស់ការពន្លត់ភ្លើងទៀន ធូប ចង្រ្កាន និងបិទប៉ារ៉ែត ឬឌីហ្សង់ទ័រអគ្គិសនីឱ្យបានត្រឹមត្រូវមុននឹងចាកចេញទៅកាន់លំនៅឋានវិញរៀងៗខ្លួន ធ្វើអនាម័យ នៅខាងក្រោយ និង ខាងមុខតូប ឬស្តង់របស់ខ្លួន ព្រមទាំងវេចខ្ចប់បែងចែកសំរាមស្ងួត សំរាមសើម ឱ្យបានត្រឹមត្រូវតាមការកំណត់របស់គណៈកម្មការគ្រប់គ្រងពិធីបុណ្យផងដែរ៕
ដោយ បៃ ស៊ីថុន





