សមាគមជប៉ុន-កម្ពុជា បង្ហាញគោលបំណងពង្រឹង និងពង្រីក ការវិនិយោគក្នុងប្រទេសកម្ពុជាទៅលើវិស័យកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី២ ខែ មេសា ឆ្នាំ ២០២៦ -- សមាគមជប៉ុន-កម្ពុជា មានបំណងពង្រឹង និងពង្រីកការវិនិយោគក្នុងប្រទេសកម្ពុជា រួមមានដូចជា ការកែច្នៃកសិផលសូត្រសម្រាប់គ្រឿងសម្អាង ការកែច្នៃគ្រាប់ស្វាយចន្ទី កាកសំណល់សំបកស្វាយចន្ទី វារីវប្បកម្មត្រីទីឡាបព្យា និងការផលិតចំណីត្រី សំដៅពង្រឹងខ្សែច្រវាក់តម្លៃកសិផលកម្ពុជា ទៅកាន់ទីផ្សារជប៉ុន។

បញ្ជាក់ក្នុងជំនួប ជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការស្វាគមន៍ចំពោះគោលបំណងបង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់នូវធាតុចូលសំខាន់ៗពាក់ព័ន្ធការវិនិយោគ ដំណោះស្រាយបញ្ហាប្រឈម ក៏ដូចជាច្បាប់ស្តីពីការវិនិយោគ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន វិនិយោគចំគោលដៅ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានផលចំណេញសេដ្ឋកិច្ច បង្កើនតម្លៃបន្ថែមសម្រាប់កសិផលកម្ពុជា និងជាពិសេសការជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សមាគមក្នុងការទាក់ទាញកៀរគរវិនិយោគិនជប៉ុនមកវិនិយោគ ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម ដែលមានសក្ដានុពល និងជាតម្រូវការទីផ្សារប្រទេសជប៉ុន ក៏ដូចជាប្រទេសផ្សេងទៀត ក្នុងប្រទេសកម្ពុជាថែមទៀត ក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម ឈានទៅរកការកែច្នៃកសិផលសក្តានុពលកម្ពុជា ជាមួយបច្ចេកវិទ្យាជប៉ុន និងកសាងភាពជាដៃគូយូរអង្វែង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
ដោយ មករា





