ក្រសួងព័ត៌មាន និងក្រសួងមុខងារសាធារណៈរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី «នីតិវិធីនៃការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង» ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៦--ក្រសួងព័ត៌មានសហការជាមួយក្រសួងមុខងារសាធារណៈបានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងដ៏សំខាន់ក្រោមប្រធានបទ«នីតិវិធីនៃការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង» ដល់មន្ត្រីក្រសួងព័ត៌មានទទួលបន្ទុកផ្នែកធនធានមនុស្ស និង មន្រ្តីជំនាញមកពីគ្រប់ផ្នែកពាក់ព័ន្ធ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន និងឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនៅព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន។

បើតាមការបញ្ជាក់របស់ឯកឧត្តម រស់ ថាន់សន បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលដៅជំរុញការយល់ដឹង និងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការលើបច្ចេកទេសរៀបចំរចនាសម្ព័ន្ធការងារឱ្យកាន់តែមានភាពច្បាស់លាស់ អនុលោមតាមស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយសេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ ការគ្រប់គ្រង និងការចាត់ចែងកិច្ចការប្រទេសជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ ក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា នីតិវិធីនៃការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងមានអត្ថប្រយោជន៍ណាស់ដល់ក្រសួងស្ថាប័ន និងអង្គភាព អ្នកគ្រប់គ្រងមន្រ្តី រូមទាំងមន្រ្តីផ្ទាល់។

ឯកឧត្តមបន្តថា ដើម្បីជំរុញការអនុវត្តន៍ការងារកែទម្រង់ឱ្យមានស័ក្តិសិទ្ធិភាព ត្រូវការពង្រឹងសមត្ថភាពមន្រ្តី និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕
ដោយ ទូច វលក័្ខណ, រូបថត៖ សួស សាវី





