វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅប្រារព្ធទិវាអូទីសឹ្សមកម្ពុជាលើកទី១៣ និងអន្តរជាតិលើកទី១៩
AKP កណ្តាល ថ្ងៃទី0២ ខែមេសា ឆ្នាំ២០២៦--វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានប្រារព្ធទិវាអូទីសឹ្សមកម្ពុជាលើកទី១៣ និងអន្តរជាតិលើកទី១៩ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី សេង សុជាតិតា ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន (គ.គ.ស) ព្រមទាំងមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងទិវានេះ លោកស្រី សេង សុជាតិតាបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធធ្វើទិវាអូទីស្សឹមនេះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នរដ្ឋនានា និងអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធវិស័យពិការភាព និងជនអូទីស្សឹម ។ បុគ្គលអូទីស្សឹមត្រូវបានគេកំណត់តាមរយៈ៣ចំនុចសំខាន់ៗរួមមាន៖ ទី១ ពិបាកក្នុងការប្រាស្រ័យទំនាក់ទំនងសង្គម។ ទី២ វិបត្តិភាសា និងការនិយាយស្តី និងទី៣ បញ្ហាវិបត្តិអាកប្បកិរិយាជាមួយមនុស្សជុំវិញខ្លួន សហគមន៍ និងសង្គមគ្រួសារជាដើម ហើយបើទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៃអូទីស្សឹមក្នុងរយៈពេលជាង៨០ឆ្នាំកន្លងមកនេះក្តី ក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការយល់ដឹង និងការកាត់បន្ថយការរើសអើងជនអូទីស្សឹមក្នុងសង្គម ។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានឧបត្ថម្ភគាំទ្រអគារសិក្សា ថវិកា ផ្តល់អាហារ សម្ភារៈសិក្សាដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ។

ក្នុងឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភអគារសិក្សាមួយខ្នងកម្ពស់០៣ជាន់ ស្មើនឹង១៨បន្ទប់ ហើយអ្វីជាពិសេសទៅទៀតនោះ នៅដើមឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចឧបត្ថម្ភអគារសិក្សា១ខ្នងទៀត មានកម្ពស់៣ជាន់ ស្មើនឹង ១៨បន្ទប់ តាមរយៈឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយយ័តក្រុងព្រះសីហនុ និងសប្បុរជនដទៃទៀត ដែលសរុបអគារសិក្សាមានចំនួន៣ ស្មើនឹង៤៤បន្ទប់ នេះហើយជាសមិទ្ធផលដែលបានមកពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាយើង ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





