ឯកឧត្ដម ឃួង ស្រេង៖ បទល្មើសប្រមាណជា៩៦ភាគរយ ត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវឈានដល់ការឃាត់ខ្លួនមកដាក់ទោសទណ្ឌតាមច្បាប់
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦--ក្នុងចំណោមបទល្មើស ដែលបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណជា៩៦ភាគរយហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ សមិទ្ធផលទាំងនេះបានមកពីការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងបានពីការជួយពីកាំម៉េរ៉ាសុវត្ថិភាព។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តន៍ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីពី ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ 
នៅក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ហុន បានអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលរាល់បទល្មើសផ្សេងៗបានកើនឡើងនៅរាជធានីភ្នំពេញ ជនបង្កបទល្មើស កម្រនឹងគេចខ្លួនបានជោគជ័យណាស់ មានន័យថា រាល់បទល្មើសដែលកើតមានឡើង គឺមានប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទណ្ឌទៅតាមច្បាប់។ ការឈានដល់ការបង្ក្រាបបទល្មើសបានលឿន និងបានស្ទើ១០០%នៃបទល្មើសដែលបានកើតឡើងនេះ គឺបានមកពីការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងរបស់យើង ហើយក៏បានជួយពីកាំម៉េរ៉ាសុវត្ថិភាពផងដែរ។ 
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តទៀតថា៖ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋចេញ ចូល ស្នាក់នៅច្រើន មានភាពស្មុកស្មាញច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ នៅតែរក្សា និងគ្រប់គ្រងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ជាទីក្រុងដែលមានសុវត្ថិភាពបំផុត។ រាជធានីភ្នំពេញ ជាក្រុងដែលមានសុវត្ថិភាពល្អជាងគេ បើប្រៀបធៀបជាមួយទីក្រុងគេផ្សេងៗនៃបណ្តាប្រទេសនៅលើពិភពលោក។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងសកម្ម ទាំងការបង្ការទប់ស្កាត់បង្ល្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស បង្ក្រាបក្មេងទំនើងជាដើម ពិសេសគឺការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងមកនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៤៦៣ករណី/៤៧៣ ថយចុះជាង១០ករណី បង្ក្រាបបទល្មើសបាន៤៤៨ករណី ស្មើនិង៩៦% ឃាត់ខ្លួនមនុស្សបានចំនួន៦១៧នាក់។

ឯកឧត្តម ឃួង ស្រេង បានបន្តថា៖ ចំពោះការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះគណៈកម្មការ ចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាជធានី បានចុះពិនិត្យរដ្ឋបាលបានចំនួន១២៤៣២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន៩២៩៥០នាក់ ស្រី២៧១៣៤នាក់ ស្មើនឹង៧៥សញ្ជាតិ ជាមួយនឹងការបោសសំអាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១២១ករណី ឃាត់ខ្លួនមនុស្សបានចំនួន២២៨៤នាក់ ស្រី៤៩០នាក់ស្មើនឹង១៨ សញ្ជាតិ។ បើទោះបីយើងបាន និងកំពុងអនុវត្តការងារខាងលើបានល្អប្រសើរយ៉ាងណាក្តី យើងក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលយើងត្រូវបំពេញបន្ថែមទៀតផងដែរ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕
ដោយ សួស សំរិត





