ពិធីជួបជុំរវាងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦ត្រូវបានផ្អាក
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- ពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦នេះត្រូវបានផ្អាក។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការផ្អាកពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦របស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ក្រសួងព័ត៌មានបាន ជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកអនុវត្តសកម្មភាព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជ្រាបថា ការរៀបចំពីធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយអ្នកសារព័ត៌មាន ត្រូវបានផ្អាកសម្រាប់ ឆ្នាំ២០២៦។

ក្រសួងបានលើកឡើងថាជាមួយគ្នានេះ ដើម្បីរំលឹកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបាន បាត់បង់ជីវិតក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មានអំឡុងពេលសង្គ្រាម ក្រសួងព័ត៌មាននឹងរៀបចំពិធីគោរព វិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅស្តូបខាងមុខស្ថានទូតបារាំង៕
ដោយ៖ ប៊ុនរិទ្ធ





