ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ» បង្ហាញពីតម្លៃដ៏សំខាន់នៃទន្លេ ដែលជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦--ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង រដ្ឋបាលខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងជិតស្និទ្ធ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ»។
ថ្លែងក្នុងព្រឹត្តការណ៍ដ៏មហោឡារិកនោះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលបានបង្ហាញពីតម្លៃដ៏សំខាន់នៃទន្លេ ដែលជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ វប្បធម៌ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម សន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគ្រឹះរឹងមាំសម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជា «មាសបៃតង» ដែលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៨ចំណុច ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមចំណែករក្សាសន្តិភាព ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ និងអភិរក្សធនធានធម្មជាតិ ជាពិសេសការពារសត្វផ្សោតទន្លេមេគង្គ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្ម ក្នុងការកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍។

បុណ្យទន្លេត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទន្លេ និងការអភិរក្សធនធានធម្មជាតិ ដើម្បីលើកកម្ពស់ការចូលរួមរបស់សាធារណជនក្នុងការថែរក្សាបរិស្ថាន៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ថេត ប៊ុនថន





