អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាមិនទាន់មានការបំពុលនៅឡើយទេ ហើយកម្រិតគុណភាពខ្យល់ក្នុងប្រទេសគឺស្ថិតក្នុងកម្រិតល្អ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៦--ក្រសួងបរិស្ថានបានចេញបញ្ជាក់ថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមិនមានការបំពុលនៅឡើយទេ បើទោះបីក្នុងរដូវប្រាំងនេះ អាកាសធាតុក្តៅ និងមានសភាពស្ងួតក៏ដោយ។ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយខុសពីការពិតរបស់វិទ្យុបារាំងអន្តរជាតិ ដែលបានយកប្រភពអន្តរជាតិ ដែលមិនបានឆ្លុះបញ្ចាំងពីការពិតនៃស្តង់ដារគុណភាពខ្យល់របស់ជាតិ ដែលគិតជាមធ្យម ៥០ មីក្រូក្រាមក្នុង១ម៉ែត្រគូបខ្យល់ (µg/m3 ) សម្រាប់កម្រិតភាគល្អិតនិចល PM2.5 ក្នុងរយៈពេល២៤ម៉ោង។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងបញ្ជាក់ឱ្យដឹងថា ការប្រើប្រាស់ទិន្នន័យបច្ចេកទេស និងភស្តុតាង ពីភាពច្បាស់លាស់នៃស្ថានភាពគុណភាពខ្យល់ ដើម្បីបដិសេធការចោទប្រកាន់របស់បណ្តាញផ្សាយខាងលើ ដោយបញ្ជាក់ថា កម្ពុជាស្ថិតក្នុងរដូវប្រាំង ដែលមានខ្យល់មូសុងឦសានបក់ពីជើងមកត្បូងនិងគុណភាពខ្យល់ក្នុងប្រទេសស្ថិតក្នុងកម្រិត "ល្អ"។ ជាក់ស្តែង ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគិតចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ត្រូវបានពិនិត្យឃើញថា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៥.៣២ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ឯកឧត្តម ខ្វៃ អាទិត្យា ក៏បានសំណូមពរឱ្យវិទ្យុខាងលើបញ្ឈប់ការផ្សាយព័ត៌មានមិនពិតតទៅទៀត និងគោរពវិជ្ជាជីវៈ ក្រមសីលធម៌ និងមានប្រភពច្បាស់លាស់ ក្នុងការផ្សព្វផ្សាយ ។ សូមសមត្ថកិច្ចពាក់ព័ន្ធមេត្តាចាត់វិធានការលើបណ្តាញសារព័ត៌មានដែលបន្តផ្សាយព័ត៌មានមិនពិត បង្កឱ្យសាធារណជន មានការភាន់ច្រឡំ និងមានការព្រួយបារម្ភក្នុងពេលដែលកម្ពុជាមានការតាមដាន និងធ្វើការអភិវឌ្ឍន៍គ្រប់វិស័យ។ក្នុងពេលនេះ សំណូមពរឱ្យមានការចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដោយបញ្ឈប់ការដុតសំណល់កសិកម្ម, ដុតជញ្រ្ជាំងស្រូវ ដុតព្រៃ ដុតស្មៅ ដុតសំរាម សំណល់ប្លាស្ទិក និងសំណល់ផ្សេងៗនៅទីចំហ ដែលបង្កឱ្យគុណភាពខ្យល់មានការធ្លាក់ចុះ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបង្ហាញពីតម្លាភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងគុណភាពខ្យល់នៅកម្ពុជា។ក្រសួងបរិស្ថាន មិនដែលលាក់បាំងព័ត៌មានអំពីគុណភាពខ្យល់សាធារណៈនោះទេ ។ ប្រជាពលរដ្ឋអាចតាមដានទិន្នន័យតាមពេលវេលាជាក់ស្តែងបានតាមរយៈគេហទំព័រ airquality.moe.gov.kh កម្មវិធីទូរស័ព្ទ CGS SPA និងទំព័រហ្វេសប៊ុករបស់ក្រសួង ។
ព័ត៌មានស្តីពីការប្រែប្រួលគុណភាពខ្យល់ ទទួលបាន ពីការដំឡើងឧបករណ៍ត្រួតពិនិត្យ៖ គិតត្រឹមខែមករា ឆ្នាំ ២០២៦ ក្រសួងមានស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៥៩ កន្លែង និងរថយន្តត្រួតពិនិត្យចល័តចំនួន ៣ គ្រឿង ។ ក្នុងនោះក្រសួងក៏បានដាក់ចេញវិធានការចាប់ពីឆ្នាំ ២០២៦ ដោយតម្រូវឱ្យរោងចក្រនានាដំឡើងឧបករណ៍វាស់គុណភាពខ្យល់ដោយស្វ័យប្រវត្តិផងដែរ ។
អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖ លើសពីនេះ យន្តការការឆ្លើយតបភ្លាមៗ ក៏បានត្រូវអនុវត្ត។ ក្រសួងបរិស្ថានបានបង្ហាញពីភាពរហ័សរហួនក្នុងការចុះត្រួតពិនិត្យគុណភាពខ្យល់នៅរោងចក្រ សហគ្រាស ដើម្បីវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ៕




ដោយ មករា





