សមាជិកដ្ឋសភា អញ្ជើញចូលរួមក្នុងពិធីបើក «បុណ្យទន្លេលើកទី១០» នៅខេត្តក្រចេះ ដើម្បីលើកកម្ពស់ទេសចរណ៍បៃតង
APK ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦--ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ បានរៀបចំឡើងយ៉ាងមហោឡារិក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅក្រុងក្រចេះ ខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។

ពិធីបើកជាផ្លូវការត្រូវបានប្រារព្ធឡើងនៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ឆ្នាំនេះបានផ្តល់នូវសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ការលើកកម្ពស់តម្លៃធនធានធម្មជាតិ តាមរយៈការបណ្តុះស្មារតីស្រឡាញ់ និងអភិរក្សទន្លេមេគង្គ ព្រមទាំងបង្ហាញពីសក្តានុពលទេសចរណ៍បៃតង តាមរយៈការទស្សនាហ្វូងសត្វផ្សោតដ៏កម្រ សម្រស់ព្រៃលិចទឹក និងសំណង់អគារបេតិកភណ្ឌបុរាណក្នុងក្រុងក្រចេះ។

- ការជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដោយបង្កើនចំណូលផ្ទាល់ជូនដល់អាជីវករ និងសេវាកម្មស្នាក់នៅ តាមរយៈការស្រូបទាញភ្ញៀវទេសចររាប់ម៉ឺននាក់។ ទន្ទឹមនឹងនេះ ក៏ជាឱកាសមាសក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក "ភូមិមួយ ផលិតផលមួយ" ជាពិសេសផលិតផលប្រចាំតំបន់ដូចជា ណែមត្រី និងក្រឡានខេត្តក្រចេះ ជាដើម។
- សកម្មភាពកម្សាន្តចម្រុះពណ៌ ដោយសារតែក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំពិព័រណ៍ផលិតផលទេសចរណ៍ ការប្រកួតកីឡាចម្រុះ និងការសម្តែងសិល្បៈតន្ត្រី ដែលផ្តល់នូវភាពសប្បាយរីករាយ និងបង្កើនភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។

បុណ្យទន្លេលើកទី១០ មិនត្រឹមតែជាការ អបអរសាទរសមិទ្ធផលទេសចរណ៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យខេត្តក្រចេះ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងតំបន់ទន្លេមេគង្គ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





