ឆ្នាំនេះប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារនៅតាមបណ្តាខេត្តភូមិភាគ៤មានបេក្ខជន បេក្ខនារីចូលរួមប្រឡងសរុបចំនួន៦៨៤នាក់
AKP បាត់ដំបង ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៦--លោកទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញកាត់កញ្ចប់វិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគារចំនួន៥ខេត្តមាន ពន្ធនាគារខេត្តបាត់ដំបង ពន្ធនាគារខេត្តប៉ៃលិន ពន្ធនាគារខេត្តឧត្តរមានជ័យ ពន្ធនាគារខេត្តបន្ទាយមានជ័យ និងពន្ធនាគារខេត្តសៀមរាប នៅមណ្ឌលវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង។

លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថា ដំណើរការប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារី សិស្ស និស្សិត ឱ្យចូលបំរើការងារ ក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ បេក្ខជន បេក្ខនារី សិស្ស និស្សិត ដែលបានយកសំណុំលិខិតចុះឈ្មោះចូលប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលគណៈកម្មការខេត្តបានជ្រើសរើសយកមកដាក់ នៅការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត គិតត្រឹមថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដែលជាកាលបរិច្ឆេទចុងក្រោយនៃថ្ងៃបញ្ឈប់ការទទួលពាក្យប្រឡងមានសរុបចំនួន ៦៨៤នាក់ ស្រីចំនួន ៣៦៩នាក់ ក្នុងនោះរួមមាន ខេត្តបាត់ដំបងមាន ៣៧៣នាក់ ស្រី ២៥៥នាក់ ខេត្តប៉ៃលិនមាន ៦៣នាក់ ស្រី៣៣នាក់ ខេត្តបន្ទាយមានជ័យមាន ៧៤នាក់ ខេត្តឧត្តរមានជ័យមាន ៧៥នាក់ ស្រី ៥៤នាក់ និងខេត្តសៀមរាបមាន ៦៣នាក់ ស្រី ២៧នាក់។ចំពោះការប្រឡងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង មានចំនួន២៧បន្ទប់ ៕


ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





