រាជរដ្ឋាភិបាល ដាក់ចេញកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីសម្រាលបន្ទុកចំណាយប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦-- ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីពេលកន្លងទៅ ដែលបណ្តាលឱ្យបញ្ហានៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ ដែលនេះជាបន្ទុកមួយរបស់បងប្អូនប្រជាពលរដ្ឋ។
ដើម្បីដោះស្រាយបញ្ហានេះ ជាពិសេសការកើនឡើងថ្លៃ នៃតម្លៃប្រេង រាជដ្ឋាភិបាលបានដាក់ចេញកិច្ចអន្តរគមន៍ជាបន្តបន្ទាប់ មានដូចជាការបន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ការបន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើង ការយកពន្ធគយ ០ (សូន្យ) ដុល្លារ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ការបញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និងការបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦% ដើម្បីទប់តម្លៃប្រេងកុំឱ្យឡើងថ្លៃពេក។
កាលពីពេលថ្មីៗនេះ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបប្រជុំជាមួយភាគីពាក់ ដោយសម្រេចបានជាលទ្ធផល គឺការផ្តល់ប្រាក់ ២,៥០ដុល្លារក្នុងមួយខែ ជូនដល់បងប្អូនកម្មករនិយោជិត សម្រាប់សម្រាលបន្ទុកថ្លៃធ្វើដំណើរ ផងដែរ។
រាជរដ្ឋាភិបាល ក៏បានផ្តល់ការកិច្ចអន្តរាគមន៍បន្ថែមជាពិសេសដើម្បីទប់តម្លៃទំនិញកុំឱ្យឡើងថ្លៃពេក ដែលនាំដល់ការចំណាយខ្ពស់របស់ប្រជាពលរដ្ឋ ដោយសម្រេចបញ្ចុះអត្រាពន្ធគយ និងអត្រាអាករនាំចេញ និងនាំចូលលើមុខទំនិញឧបករណ៍អគ្គិសនី ប្រព័ន្ធសូឡា រថយន្តអគ្គិសនី និងទំនិញមួយចំនួនទៀត តាមរយៈអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួន ដែលនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦៕

ដោយ ផែន រតនៈ





