អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មាតិកាដែលត្រូវបានម្ចាស់គណនី Dixie Dragon បង្ហោះនោះ គឺពុំមែននៅកម្ពុជាឡើយ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦–អ្នកនាំពាក្យក្រសួងព័ត៌មានសូមជម្រាបជូនសាធារណៈជន បានជ្រាបថា៖ ចំពោះករណីផ្សាយដោយគណនី Instagram ដូចបង្ហាញក្នុងរូបភាពនេះ ក្រសួងព័ត៌មានបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានដាក់វិធានការសមស្របជាបន្តបន្ទាប់។ ដោយសារម្ចាស់គណនី នៅក្រៅប្រទេស ហើយប្រើបណ្តាញ Instagram ដែលជាplatform របស់ក្រុមហ៊ុនឯកជន ក្រសួងបានប្រមូលព័ត៌មាន ដែលធ្វើឱ្យមានការយល់ច្រឡំមកលើកម្ពុជា ដើម្បីរៀបចំរបាយការណ៍ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ បន្ថែម ក្នុងការទាក់ទងធ្វើការជាមួយក្រុមហ៊ុននេះ ។ ក្រសួងនិងស្នើដល់ក្រុមហ៊ុនឱ្យមានវិធានការសមស្រប ចំពោះខ្លឹមសារនិងមាតិកា ដែលមានលក្ខណៈយល់ច្រឡំមកលើកម្ពុជា ។
តាមប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិង អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មាតិកាដែលត្រូវបានម្ចាស់គណនីបង្ហោះនោះ ហាក់ បើតាមការពិនិត្យ បង្ហាញថាត្រូវបានថតនៅប្រទេសជិតខាង (ដែលអាចប្រទេសវៀតណាមឯណោះទេ) គឺពុំមែននៅកម្ពុជាឡើយ។ តាមឯកឧត្តមអនុរដ្ឋលេខាធិការ គឺមានភស្តុតាងមួយចំនួនទៀត ដែលគេអាចទាញការសន្និដ្ឋានបានថាមិនមែននៅកម្ពុជា គឺដោយសារការសរសេរអក្សរលើស្លាក សញ្ញា ទាំង ក្រៅ ឬក្នុងហាង ឬភាសាដែលអ្នកលក់ក្នុងហាង និងនៅស្ថានីយប្រេង បានប្រើ គឺជាភាសាផ្សេង មិនមែនភាសាខ្មែរ (អាចជាភាសាវៀតណាម) និងមានភស្តុតាងមួយចំនួនទៀត ដែលគេអាចពិនិត្យតាមរយៈខ្លឹមសារក្នុងវីដេអូពាក់ព័ន្ធ ដើម្បីបញ្ជាក់ថាសាច់រឿង និងវីដេអូទាំងនោះពុំមែននៅកម្ពុជា ទេ។
ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា វិធានការភា្លម ដែលក្រសួងបានដាក់ចេញ គឺបានព្យាយាមទាក់ទងទៅម្ចាស់គណនីផ្ទាល់ ដើម្បីស្នើកុំឱ្យផ្សាយមាតិកា ដែលបង្កការយល់ច្រឡំនេះតទៅទៀត ដោយបញ្ជាក់ប្រាប់ម្ចាស់គណនីថា ទីតាំង និងមនុស្ស(អ្នកលក់ ឬអ្នកមានវត្តមានក្នុងវីដេអូ មិនមែននៅកម្ពុជា និងមិនមែនជាខ្មែរទេ) និងសូមស្នើឱ្យគាត់ដកមាតិកាដែលអាចបង្កការយល់ច្រឡំទាំងនោះ ចេញ ដើម្បីកុំឱ្យមានការយល់ច្រឡំ តទៅទៀត ។ ម៉្យាងទៀត មាតិកាដែលគាត់បានផ្សាយ ទទួលរងការរិះគន់ ដោយcomment តបក្នុងផុសពាក់ព័ន្ធទាំងនោះថា «គាត់(ម្ចាស់គណនី) មិនគួរធ្វើដូច្នេះទេ ព្រោះវាធ្វើឱ្យមានការយល់ច្រឡំលើកម្ពុជា» ខណៈអ្នកប្រើប្រាស់Instagram ផ្សេងទៀតបានcomment បញ្ជាក់ថាក្នុងវីដេអូទាំងនោះ ថា គឺនៅប្រទេសវៀតណាមទេ មិនមែនកម្ពុជាឡើយ។
ក្រសួងព័ត៌មានបាន និងកំពុងដាក់ចេញវិធានការ ដូចជម្រាបជូនខាងលើ ហើយបន្តតាមដានបន្ថែមទៀត។
អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាកុំយល់ច្រឡំ និងកុំចែកចាយមាតិកា ដែលមានបញ្ហាទាំងនោះ។ សូមចូលរួម ចូលទៅ comment ក្នុងផុសដែលអាចបង្កការយល់ច្រឡំ ដោយប្រាប់ថា «ពុំមែនខ្មែរទេ និងពុំមែននៅប្រទេសកម្ពុជាទេ» ។
ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងអ្នកពាក់ព័ន្ធ ក្រសួងព័ត៌មានបាន និងកំពុងដាក់ចេញវិធានការ ដូចជម្រាបជូន ហើយបន្តតាមដានបន្ថែមទៀត។
អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាកុំយល់ច្រឡំ និងកុំចែកចាយមាតិកា ដែលមានបញ្ហាទាំងនោះ។ សូមចូលរួម ពិសេសអ្នកដែលប្រើInstagram សូមចូលទៅ comment ក្នុងផុសដែលអាចបង្កការយល់ច្រឡំ ដោយប្រាប់ថា «ពុំមែនខ្មែរទេ និងពុំមែននៅប្រទេសកម្ពុជាទេ» ដើម្បីបញ្ចប់ការយល់ច្រឡំ និងហានិភ័យនានា ដែលការផ្សាយមាតិកាបែបក្លែងបន្លំ disinformation នេះ ត្រូវបានធ្វើឡើង អាចក្នុងចេតនាបង្កការភាន់ច្រឡំមកលើកម្ពុជា៕

ដោយ៖ គង់ សិរីរ័ត្ន





