អភិបាលខេត្តបន្ទាយមានជ័យ នាំនូវមនោសញ្ចេតនាសួរសុខទុក្ខ និងអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋងាយរងគ្រោះ ៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ
AKPបន្ទាយមានជ័យថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦– ក្នុងស្មារតី "កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល" នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋគ្រួសារក្រីក្រ ស្ត្រីមេម៉ាយ កុមារកំព្រា និងចាស់ជរាទុរគតជនសរុបចំនួន ៣៥៧គ្រួសារ ស្ថិតក្នុងស្រុកម៉ាឡៃ។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅអគារបច្ចេកទេស ក្នុងបរិវេណវិទ្យាល័យម៉ាឡៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ នួម សុភ័ណអនុប្រធានកិត្តិយសសាខាខេត្ត ព្រមទាំងក្រុមការងារសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាច្រើនរូប។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែខ្វាយខ្វល់ និងតាមដានជាប់ជាប្រចាំនូវជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅគ្រប់ទីកន្លែង។
ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថាកាកបាទក្រហមកម្ពុជា មិនដែលរើសអើង ឬប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់ខ្នងផ្ទះជានិច្ច។

ក្រៅពីការនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាដើម្បីជួយសម្រាលជីវភាពមួយផ្នែក ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់ៗក្នុងនោះការរស់នៅស្អាត និងអនាម័យ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ ហូបស្អាត ផឹកស្អាត ដើម្បីបង្ការជំងឺរាតត្បាតផ្សេងៗ និងថែរក្សាសុខភាពឱ្យបានមាំមួន។ ការពង្រីកផលិតកម្មកសិកម្ម ឯកឧត្តមបានក្រើនរម្លឹកឱ្យបងប្អូនខិតខំបង្កបង្កើនផលកសិកម្មឱ្យអស់លទ្ធភាព តាមរយៈការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីធានាសន្តិសុខស្បៀងក្នុងគ្រួសារ និងលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង។

គ្រួសារទាំង ៣៥៧ ដែលបានអញ្ជើញមកទទួលអំណោយនាឱកាសនោះ សុទ្ធតែទទួលបាននូវគ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ រួមជាមួយថវិកាមួយចំនួន ដែលជាការជួយសម្រាលបន្ទុកជីវភាពបានមួយកម្រិតធំ នាំមកនូវស្នាមញញឹម និងក្ដីសង្ឃឹមដល់ពួកគាត់។
សកម្មភាពនាព្រឹកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ក្នុងការចុះជួយពលរដ្ឋដោយផ្ទាល់ដល់មូលដ្ឋាន ជាពិសេសក្នុងគ្រាដែលពួកគាត់កំពុងជួបការខ្វះខាតបំផុត៕
ដោយ៖ ឈុន សារ៉ាត





