សូមបងប្អូនពលរដ្ឋពិសារទឹកឱ្យបានច្រើន ខណៈធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាមានរលកកម្តៅ ៣៦°C រយៈពេល ៣ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ -- ខណៈដែលធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាមានរលកកម្តៅ ៣៦°C រយៈពេល ៣ថ្ងៃ សូមបងប្អូនពលរដ្ឋពិសារទឹកឱ្យបានច្រើន ដោយវាមានចាប់ពីថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។


យោងតាមសេចក្តីជូនដំណឹងនោះ បានឱ្យដឹងថា របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជាមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។ ៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តកោះកុង ពុំមានភ្លៀងធ្លាក់ទេ។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕
ដោយ៖ សួស សំរិត





