ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូន កងទ័ពទិសបន្ទាយមានជ័យក្នុងបេសកកម្មការពារបូរណភាពទឹកដី
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ -- ក្នុងស្មារតី "សាមគ្គីភាពជាធ្លុងមួយដើម្បីជាតិមាតុភូមិ" និងការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងប្រគល់ស្បៀងអាហារ សម្ភារៈឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់កងកម្លាំងជួរមុខទិសបន្ទាយមានជ័យ។

ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងការនឹករលឹកបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនចំពោះបងប្អូនវីរកងទ័ព និងនគរបាលការពារព្រំដែនទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនថាស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ឬរាជរដ្ឋាភិបាលឡើយ គឺតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ និងតាមដានជាប់ជានិច្ចនូវរាល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងដែលកំពុងលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ។
ដើម្បីសម្រាលបន្ទុក និងបង្កើនភាពកក់ក្ដៅដល់សមរភូមិមុខ គណៈប្រតិភូបាននាំយកនូវសម្ភារៈ និងស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមានអង្ករ ៨,៩តោន ត្រីខកំប៉ុង ១៩១កេស សៀងផ្អែម ១៣៤កេស មី (ខ្លាឃ្មុំ និងចម្រុះ) សរុបជាង ១.៣០០កេស បាយតេជោរាយស៍ និងនំសាគូរ៉ា ៤៨កេស ទឹកសុទ្ធ ៣២០កេស។

ក្នុងប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិតបានសម្ដែងនូវការកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះវីរភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខ ដែលបានឈរជើងយ៉ាងមុតមាំ ប្រឈមមុខនឹងការឈ្លានពានដោយខុសច្បាប់លើអធិបតេយ្យភាពកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ថា ស្មារតីមោះមុតរបស់បងប្អូន មិនត្រឹមតែធ្វើឱ្យសត្រូវមានការភ័យខ្លាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាបង្គោលចារឹកនូវភាពជឿជាក់ដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានមើលឃើញពីឆន្ទៈស្នេហាជាតិដ៏ពិតប្រាកដរបស់កងយោធពលខេមរភូមិន្ទ។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្ញើសារយ៉ាងច្បាស់ៗទៅកាន់កងទ័ព និងប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមិនរត់ចោលប្រទេស ឬបោះបង់បងប្អូនភៀសសឹកណាម្នាក់ឡើយ។ រាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយរាល់បញ្ហាប្រឈម ចាប់តាំងពីការរៀបចំដីធ្លី ការស្ដារហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា បងប្អូនអាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតវិញដោយសុវត្ថិភាព។

ជាការឆ្លើយតប កងកម្លាំងប្រដាប់អាវុធដែលទទួលអំណោយបានសម្ដែងនូវក្ដីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូររបស់ថ្នាក់ដឹកនាំ។ ការចុះសួរសុខទុក្ខដោយផ្ទាល់ និងការផ្ដល់ស្បៀងអាហារទាន់ពេលវេលានេះ បានក្លាយជាកម្លាំងចិត្តយ៉ាងមហិមា ជួយឱ្យពួកគេកាន់តែមានស្មារតីរឹងមាំក្នុងការកាន់អាវុធការពារទឹកដី ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ជាមួយនោះ ឯកឧត្តមបណ្ឌិតបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលជាបង្គោលគ្រឹះតែមួយគត់នៃសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់ជាតិ៕
ដោយ៖ ឈុន សារ៉ាត





