ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាជាព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា
AKP ភ្នំពេញ ថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៦ -- ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាដែលបានប្រពឹត្តទៅកាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាពិសេស ខណៈដែលឆ្នាំនេះជាឆ្នាំនៃការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា។ នេះជាលើកឡើងនៅក្នុងសុន្ទរកថារបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik)។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីមាគ៌ាដ៏វែងឆ្ងាយនៃការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា។ យើងឱ្យតម្លៃយ៉ាងខ្លាំងចំពោះលក្ខណៈប្រពៃណីដ៏កក់ក្តៅ និងស្ថាបនានៃកិច្ចសន្ទនារវាងរុស្ស៊ី និងកម្ពុជា ដែលកំពុងអភិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងមនុស្សធម៌។

វប្បធម៌ជាវិស័យដ៏ពិសេសមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វាមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយ ដោយវានិយាយភាសាសកលដែលមនុស្សគ្រប់គ្នាយល់ យកឈ្នះលើឧបសគ្គ និងគ្មានព្រំដែន ដែលជួយតំណាងនៃប្រទេសដែលមានភាពហាក់ដូចជាខុសគ្នាខ្លាំងឱ្យមានទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើរឡើង។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសមួយ ដើម្បីស្វែងយល់ពីបេតិកភណ្ឌវប្បធម៌របស់ប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានមួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា គំនិតផ្តួចផ្តើមបែបនេះរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គម្រោងថ្មីៗនាពេលអនាគត»។

ឯកឧត្តមបានបន្តថា ប្រទេសរុស្ស៊ីមានមោទនភាពយ៉ាងពេញទំហឹងចំពោះបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន ដែលមានអក្សរសិល្ប៍ដ៏លេចធ្លោ តន្ត្រីបុរាណ របាំបាឡេ ល្ខោន គំនូរ និងប្រពៃណីប្រជាប្រិយ។ ក្នុងពេលជាមួយគ្នានេះ វប្បធម៌រុស្ស៊ីសម័យទំនើបកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់ ដោយបង្ហាញពីឈ្មោះ និងនិន្នាការថ្មីៗ ខណៈដែលមិនភ្លេចប្រភពដើមរបស់ខ្លួន៕
ដោយ៖ យា ចិន្តាខន្តី





