ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកសាងសង់លើផ្ទៃដីជាង ២ពាន់ម៉ែត្រការ៉េ និងមានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បំពាក់ដោយស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍សម្រាប់ជាថ្នាលបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុវត្តការប្រើប្រាស់ផ្លូវជាក់ស្តែងដល់សិស្សានុសិស្ស យុវវ័យ និងកុមារ សំដៅផ្តល់ចំណេះដឹងពីសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរដោយថ្មើរជើង ការបើកបរម៉ូតូ និងអាចជាចំណេះដឹងមូលដ្ឋាន ក្នុងការបើកបរយានយន្តផ្សេងៗ នាពេលអនាគត ដែលចំណាយថវិកាអស់ជាង ៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។
ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចក្រុមហ៊ុនដឹកជញ្ជូនត្រូវបន្តយកចិត្តទុកដាក់អប់រំសមាជិកគ្រួសារ និងបុគ្គលិកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ស្របពេលដែលអង្គភាពអនុវត្តច្បាប់ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈមន្ត្រីឱ្យបានល្អប្រសើរ និងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នដៃគូ ដើម្បីបង្កើនការផ្សព្វផ្សាយអប់រំ និងយកបទពិសោធន៍នៃការកសាងសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំងនេះធ្វើជាគំរូសម្រាប់រាជធានី-ខេត្តផ្សេងទៀត ក្នុងគោលដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យបានជាអតិបរមា។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២.៣៤៥ករណី ធៀបនឹងឆ្នាំ២០២៤ មានចំនួន ២.៨៤៤ករណី ថយចុះ ៤៩៩ករណី ស្មើ ១៨% ចំណែកចំនួនអ្នកស្លាប់បានថយចុះ ៤២នាក់ ស្មើនឹង ៣% និងចំនួនអ្នករបួសក៏បានថយចុះ ៥០៧នាក់ ស្មើ ១៤%៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





