ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ចុះពិនិត្យសកម្មភាពការងារ ចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យសកម្មភាពការងារ ចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការពារ និងឆ្លើយតបចំពោះហានិភ័យសុខភាពសាធារណៈ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យសកម្មភាពគ្រប់គ្រង និងបង្ការការឆ្លងរោគនៅច្រកអ្នកដំណើរពីបរទេសចូលមកក្នុងកម្ពុជាតាមផ្លូវអាកាសអន្តរជាតិ។

ការចុះពិនិត្យដោយឥតព្រៀងទុកនេះ អនុញ្ញាតឱ្យបានឃើញជាក់ស្តែងលើប្រព័ន្ធតាមដាន សមត្ថភាពឆ្លើយតប និងការអនុវត្តវិធានការសុខាភិបាលរបស់ក្រុមការងារ នៅច្រកចូលនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ពីសារៈសំខាន់នៃការរក្សាការប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ដោយឯកឧត្តមបានលើកឡើងថា «ការការពារជំងឺឆ្លងមួយផ្នែក ចាប់ផ្តើមពីច្រកចូលប្រទេស» ភាពខ្ជាប់ខ្ជួន និងវិន័យ ព្រមទាំងភាពបុរេសកម្ម ប្រកបដោយការទទួលខុសត្រូវ គឺជាគន្លឹះសម្រាប់ប្រព័ន្ធការពារជំងឺឆ្លងបានរឹងមាំ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





