សមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់អង្គរ ដើម្បីរឹតចំណងមិត្តភាព និងជំរុញវិស័យទេសចរណ៍
AKP សៀមរាប ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦–សមាគមមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិន Peaceland នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានសហការរៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច និងវប្បធម៌ តាមរយៈសកម្មភាពកីឡាទេសចរណ៍ដែលមិត្តភាពចំពោះបរិស្ថាន តាមរយៈសង្គមស៊ីវិលរបស់ចិនចំនួន ៨ស្ថាប័នដែលមកចូលរួម។

លោកស្រី Xu Kexin អគ្គលេខាធិការរងមូលនិធិចិន Peaceland បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន ព្រមទាំងការគាំទ្រពីស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប និងមូលនិធិចិនជាច្រើនទៀត។ លោកស្រីថា ការចូលរួមគាំទ្រពីស្ថាប័ននិងអង្គពាក់ព័ន្ធទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើតព្រឹត្តិការណ៍ដែល មានគុណភាពខ្ពស់ មានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយរូបភាពវិស័យទេសចរណ៍កម្ពុជា ទៅកាន់អន្តរជាតិ។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរង ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ហើយតាមរយៈព្រឹត្តិការណ៍ជិះកង់ទេសចរណ៍នេះ គឺជាគំរូមួយនៃកិច្ចសហប្រតិបត្តិការដែលផ្អែកលើមូលដ្ឋានមិត្តភាព សន្តិភាព និងការយល់ចិត្តគ្នា ហើយជាផ្នែកមួយក្នុងការជំរុញការផ្លាស់ប្តូរប្រជាជននឹងប្រជាជនឱ្យកាន់តែរីកចម្រើន។
លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញការចូលរួមសកម្មភាពកីឡា និងសុខភាពសាធារណៈ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រកបដោយគុណភាព និងរួមគ្នាថែរក្សាបរិស្ថាន និងផ្តល់គុណតម្លៃដល់វិស័យទេសចរណ៍ធម្មជាតិនិងវប្បធម៌។ ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍កម្ពុជា-ចិន នាថ្ងៃនេះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា និងលើកកម្ពស់សុខភាពតាមរយៈការជិះកង់ប៉ុណ្ណោះនោះទេ ព្រឹត្តិការណ៍នេះ ក៏ជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស្របតាមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលកំពុងឈានទៅដល់កម្រិតកំពូល ដែលថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរបានកំណត់ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន កាលពីឆ្នាំ២០២៥ កន្លងផុតទៅ» ដែលជាសក្ខីភាពដ៏អស្ចារ្យសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពពិសេស និងទាក់ទាញ គឺការរៀបចំសកម្មភាពជិះកង់នៅក្នុងបរិវេណអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ និងមានតម្លៃអស្ចារ្យសម្រាប់មនុស្សជាតិទាំងមូល។ អ្នកចូលរួមបានធ្វើដំណើរជិះកង់តាមបណ្តោយផ្លូវស្រស់ស្អាត ដែលឆ្លងកាត់ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ ប្រាសាទបាយ័ន និងតំបន់បេតិកភណ្ឌសំខាន់ៗផ្សេងទៀត ដែលពោរពេញដោយប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈបុរាណដ៏អស្ចារ្យ។ ទេសភាពធម្មជាតិពណ៌បៃតង សួនឧទ្យាន និងអាកាសធាតុស្រស់បំព្រង បានផ្តល់នូវបទពិសោធន៍អស្ចារ្យ និងអារម្មណ៍ជិតស្និទ្ធជាមួយធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍នាពេលនេះ មិនត្រឹមតែមានតួនាទីសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌ និងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមនៅក្នុងយុទ្ធនាការដោយលើកទឹកចិត្តឱ្យភ្ញៀវជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពីតំបន់ ទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ជនជាតិចិនឆ្លើយតបនឹងឆ្នាំទេសចរណ៍កម្ពុជា-ចិនថែមទៀត។

ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្កើតឱកាសដ៏ល្អ សម្រាប់អ្នកចូលរួមពីប្រទេសកម្ពុជា និងចិន ក្នុងការផ្លាស់ប្តូរបទពិសោធ ចែករំលែកវប្បធម៌ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ ព្រឹត្តិការណ៍នេះក៏ជាការជួបជុំគ្នាដែលបានរួមចំណែកក្នុងការកសាងសហគមន៍មិត្តភាពដ៏រឹងមាំ និងការសហការយ៉ាងជិតស្និទ្ធនៅក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យសង្គមស៊ីវិលរវាងកម្ពុជា និងចិន។ ឯកឧត្តមថា ព្រឹត្តិការណ៍ ជិះកង់ទេសចរណ៍ កម្ពុជា-ចិន គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅ មិនត្រឹមតែជាការលើកកម្ពស់វិស័យ ទេសចរណ៍និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីការរួមចំណែករបស់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំង អគ្គកុងស៊ុលចិនប្រចាំកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងប្រទេសទាំងពីរ កម្ពុជានិងចិន ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង៕
ដោយ៖ ឃុត សៅ





