ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ចុះជួបយុវជនខេត្តបន្ទាយមានជ័យ៖ «រក្សាសន្តិភាពផ្លូវចិត្ត និងជំនឿចិត្តលើរាជរដ្ឋាភិបាល ក្នុងបញ្ហាការពារបូរណភាពទឹកដី»
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៦–ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងសតិអារម្មណ៍របស់យុវជនតាមមូលដ្ឋាន កាលពីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធាន និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដើម្បីដឹកនាំវេទិកា "ពិភាក្សាជាមួយយុវជន"។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកចំហទទួលយកមតិយោបល់ និងឆ្លើយតបទៅនឹងកង្វល់នានារបស់យុវជនក្នុងខេត្តជាប់ព្រំដែន ពាក់ព័ន្ធនឹងស្ថានការណ៍ចុងក្រោយនៃបញ្ហាបូរណភាពទឹកដី។

ក្នុងពិធីដែលមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានយុវជនគណបក្សខេត្ត ព្រមទាំងសមាជិក-សមាជិកាយុវជនក្រុង-ស្រុក ឃុំ-សង្កាត់ ជិត ៥០០នាក់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសង្កត់ធ្ងន់ថា យុវជនគឺជាកម្លាំងចលករដ៏សំខាន់ដែលត្រូវការព័ត៌មានពិត និងការណែនាំដ៏ត្រឹមត្រូវ។

ឯកឧត្តមបានអនុញ្ញាតឱ្យមានការលើកឡើងនូវសំណួរ និងសំណូមពរដោយត្រង់ទៅត្រង់មក ជាពិសេសលើបញ្ហា «ការឈ្លានពានទឹកដីពីសំណាក់យោធាថៃ»ដែលកំពុងក្លាយជាប្រធានបទក្តៅគគុកក្នុងចំណោមយុវជន និងប្រជាពលរដ្ឋនៅតំបន់ព្រំដែន។ ឆ្លើយតបទៅនឹងមតិយោបល់ និងកង្វល់របស់យុវជន ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា ការរក្សាភាពអត់ធ្មត់ និងជឿជាក់ យុវជនត្រូវរក្សាសតិអារម្មណ៍ឱ្យស្ងប់ល្អ ជៀសវាងការចាញ់បោកព័ត៌មានក្លែងក្លាយដែលបង្កឱ្យមានការភ័យខ្លាច ឬការរើសអើងជាតិសាសន៍។ ទំនុកចិត្តលើរាជរដ្ឋាភិបាល កម្ពុជាប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការសន្តិភាព ប៉ុន្តែដាច់ខាតមិនបណ្តោយឱ្យបាត់បង់ទឹកដីសូម្បីតែមួយមីលីម៉ែត្រឡើយ។ យុវជនត្រូវជឿជាក់លើវិធានការដោះស្រាយតាមផ្លូវការទូត និងការការពារយ៉ាងរឹងមាំពីកងកម្លាំងប្រដាប់អាវុធក្រោមការដឹកនាំរបស់សម្តេចធិបតី។

តួនាទីយុវជនក្នុងសមរភូមិព័ត៌មាន ឯកឧត្តមបានជំរុញឱ្យយុវជនក្លាយជាអ្នកចែកចាយព័ត៌មានពិត និងចូលរួមការពាររូបភាពវិជ្ជមានរបស់ជាតិនៅលើបណ្តាញសង្គម។
វេទិកាពេញមួយព្រឹកនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលបំផុត។ យុវជនដែលបានចូលរួមបានសម្ដែងនូវការពេញចិត្ត និងភាពកក់ក្តៅដែលថ្នាក់ដឹកនាំបានចុះមកស្តាប់សំឡេងរបស់ពួកគេផ្ទាល់ដល់មូលដ្ឋាន។ នេះសបញ្ជាក់ឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែនៅក្បែរយុវជន និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងរឿងជាតិខ្មែរ។

វេទិកា "ពិភាក្សាជាមួយយុវជន" នៅខេត្តបន្ទាយមានជ័យនាពេលនេះ មិនត្រឹមតែជាការដោះស្រាយបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាង «របងការពារជាតិ» យ៉ាងរឹងមាំតាមរយៈការបណ្តុះស្មារតីស្នេហាជាតិ និងការយល់ដឹងស៊ីជម្រៅដល់យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ៕
ដោយ៖ ឈុន សារ៉ាត





