សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី៣ នៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ --កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ហើយតាមរយៈកិច្ចប្រជុំកំពូលនេះ ក៏នឹងក្លាយជាពេលវេលានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដមប្រធានាធិបតីបារាំង Emmanuel Macron ផងដែរ ដែលក្នុងឱកាសនោះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី៣ នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសផ្ដល់បទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

ឯកឧត្តម Olivier Richard បានបញ្ជាក់ថា កាលពីជំនួបមុន ក្នុងឆ្នាំ ២០២៤ ព្រឹត្តិការណ៍នេះ បានទាក់ទាញក្រុមហ៊ុនបារាំងចំនួន ២៥០ ដែលនេះនឹងក្លាយជាឱកាសដ៏វិសេសវិសាលសម្រាប់ក្រុមហ៊ុន អ្នកជំនាញ និងអស់លោកអ្នកដែលចាប់អារម្មណ៍លើការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែបដែលផ្តល់ដោយកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា។ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងបង្កើតឱកាសថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសបារាំង ប្រទេសកម្ពុជា និងសហគមន៍ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងប្រទេសកម្ពុជា ហើយសហគមន៍ហ្វ្រង់កូហ្វូនី សម្បូរទៅដោយចំណងមេត្រីភាព សាមគ្គីភាព និងផ្តល់នូវឱកាសដ៏ធំធេង រួមទាំងនៅក្នុងវិស័យសេដ្ឋកិច្ច ផងដែរ ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានថ្លែងយ៉ាងដូច្នេះថា៖ «នេះបង្ហាញឱ្យឃើញថា បណ្តារដ្ឋហ្វ្រង់កូហ្វូនី មានសកម្មភាពពាណិជ្ជកម្មកាន់តែខ្លាំងក្លា និងធ្វើសហប្រតិបត្តិការអន្តរជាតិបានកាន់តែល្អប្រសើរ ជាមួយបណ្តាប្រទេសដែលប្រើប្រាស់ភាសា ឬសូម្បីតែមានវប្បធម៌ ច្បាប់ដូចគ្នា»។

ជាមួយគ្នានេះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានឱ្យដឹងផងដែរថា ហ្វ្រង់កូហ្វូនី តំណាងឱ្យ ១៦% នៃផលិតផលក្នុងស្រុកសរុបលើសកលលោក និង ២០% នៃពាណិជ្ជកម្មសកល។ ក្រៅពីនេះ ប្រទេសកម្ពុជាបានសម្រេចចិត្តរៀបចំព្រឹត្តិការណ៍ FrancoTech ជាថ្មីម្តងទៀតអមសហមេត្រីភាព នៃកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីការរៀបចំលើកដំបូងក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី១៩ នៅទីក្រុងប៉ារីស៍ ។ ឯកឧត្ដមបានបន្ថែមថា ពិព័រណ៍នវានុវត្តន៍ ជាភាសាបារាំងលើកដំបូងនេះ បានទទួលស្វាគមន៍អ្នកដាក់តាំងបង្ហាញចំនួន ១៥០ នាក់ មកពីជាង ១០០ ប្រទេស និងមានអ្នកជំនាញរាប់ពាន់នាក់ចូលទស្សនា ដែលនឹងរួមចំណែកក្នុងការពង្រឹងលំហសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី និងការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច តាមរយៈការបង្ហាញនូវដំណោះស្រាយបច្ចេកទេស និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗនាពេលបច្ចុប្បន្ន ដូចជា វិស័យអប់រំ សុវត្ថិភាពស្បៀងអាហារ បម្រែបម្រួលប្រព័ន្ធអេកូឡូស៊ី បញ្ហាសិប្បនិម្មិត និងហិរញ្ញប្បទាននវានុវត្តន៍ ។

បើតាមឯកឧត្តម Olivier Richard តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ កម្ពុជាបានបង្ហាញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរបស់ខ្លួនជាមួយអង្គការអន្តរជាតិបារាំង (OIF) ដែលនេះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ គឺជាសហស្ថាបនិកមួយព្រះអង្គនៃអង្គការនេះ រួមជាមួយលោក Léopold Sédar Senghor នៃប្រទេសសេណេហ្គាល់ លោក Habib Bourguiba នៃប្រទេសទុយនីស៊ី និងលោក Hamani Diori នៃប្រទេសនីហ្សេរីយ៉ា ។ ទន្ទឹមនេះ កម្ពុជា ក៏កំពុងដើរតួនាទីជាអ្នកកាន់ទង់ជ័យនៃចលនាហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ ។ ការវិលត្រឡប់មកវិញនៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅក្នុងតំបន់នេះ បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៦ ដែលបានប្រព្រឹត្តទៅ នៅប្រទេសវៀតណាម កាលពីឆ្នាំ ១៩៩៧ ជិត ៣០ ឆ្នាំមុននោះ នឹងក្លាយជាប្រវត្តិសាស្ត្រមួយ។

ក្នុងឱកាសនោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងបានអះអាងផងដែរថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱកាសដល់ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសដែលប្រើប្រាស់ភាសាបារាំង នូវវេទិកាពិភាក្សាអំពីបញ្ហាស់ខាន់ៗទាំងផ្នែកភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ «ជាការពិតណាស់ ហ្វ្រង់កូហ្វូនី តំណាងឱ្យវេទិកាពិភាក្សាដ៏មានឯកសិទ្ធិមួយ ដែលមានវត្តមាន នៅលើទ្វីបទាំងប្រាំ និងផ្អែកលើការប្រើប្រាស់ភាសាមួយរួមគ្នា ។ លើសពីនេះ គឺការបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាជិកចំពោះគោលការណ៍ពហុភាគីនិយម និងឆន្ទៈក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម ធំៗនាពេលបច្ចុប្បន្ន ដែលក្នុងនោះ ខ្ញុំផ្តោតជាសំខាន់លើការអភិវឌ្ឍបញ្ហាសិប្បនិម្មិត (AI) និងតួនាទីភាសាបារាំងចំពោះបដិវត្តន៍បច្ចេកវិទ្យានេះ»៕
ដោយ៖ រិទ្ធី





