ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China Energy International Group Co., Ltd
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China Energy International Group Co., Ltd ដែលដឹកនាំដោយ លោក Qiao Xubin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និង មានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនរូប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការរីករាយ និង ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលបានអញ្ជើញមកសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគ លើវិស័យថាមពលអគ្គិសនី និង គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ ។

ឯកឧត្តមបានគូសរំលេចជូនគណៈប្រតិភូក្រុមហ៊ុនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» គឺជាយន្តការសម្របសម្រួលពិសេស ដែលមានសមាសភាពអន្តរក្រសួង-ស្ថាប័ន ដើម្បីផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី ទាំងផ្នែកសារពើពន្ធ និង មិនមែនសារពើពន្ធ សម្រាប់គម្រោងវិនិយោគ និង ធុរកិច្ច ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា, ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយ និង ការអនុវត្តការងាររួមគ្នាជាកញ្ចប់ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅជំរុញការវិនិយោគ និង សកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ, លោក Qiao Xubin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានដឹកនាំក្រុមការងារក្នុងការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធីរបស់គម្រោងវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ជាពិសេស បានជួយសម្រួលដល់គម្រោងសាងសង់កំពង់ផែ និង សាងសង់ផ្លូវរបស់ក្រុមហ៊ុន ក្នុងខេត្តក្រចេះ ។
ជាមួយគ្នានេះ, លោក Qiao Xubin បានជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ អំពីប្រវត្តិ ព័ត៌មានអាជីវកម្ម និង បទពិសោធន៍របស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគលើវិស័យថាមពលអគ្គិសនី និង ការវិនិយោគលើគម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ ។

ជាការឆ្លើយតប, ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការស្វាគមន៍ និង លើកទឹកចិត្តដល់គណៈប្រតិភូក្រុមហ៊ុន ក្នុងការចាប់យកកាលានុវត្តភាពវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ។ ជាមួយនេះ, ក្រុមការងារ នឹងបន្តផ្តល់ការសម្របសម្រួល និង កិច្ចសហការល្អ សំដៅជំរុញឱ្យដំណើរការវិនិយោគរបស់ក្រុមហ៊ុន អាចដំណើរការបានដោយរលូន និង ទាន់ពេល៕
ដោយ៖ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





