ឯកឧត្តម ប៉ែន បូណា៖ ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦–អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិអំពីសកម្មភាពជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ ខណៈដែលក្រុមអ្នកសង្កេតការណ៍អាស៊ានត្រៀមខ្លួនសម្រាប់អាណត្តិថ្មី។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ប្រាប់ប្រជាជាតិខ្មែរថា «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ រីឯមធ្យោបាយការពារទឹកដី និងប្រជាជនទៀតសោត គឺត្រូវធ្វើឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ។ ដោយឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងលើគោលការណ៍ដ៏ច្បាស់លាស់នេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតរបស់ខ្លួនយ៉ាងសកម្ម និងឥតឈប់ឈរ។
ជាក់ស្តែង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូតនិងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គណៈប្រតិភូក៏បានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកចំនួន ៧៦គ្រួសារ ដែលកំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ហើយមិនទាន់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនបាននៅឡើយដោយសារពួកគេស្ថិតក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ។
បន្ទាប់មក គណៈប្រតិភូបានចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ (ច្រកទ្វារព្រំដែនថ្មដា)ក្នុងឃុំថ្មដាដែលកងទ័ពថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័ររាប់ទាំង ទូកុងតឺន័រចំនួន ៣ បន្ថែមទៀតដែលបានដាក់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីបិទផ្លូវជាតិលេខ៥៥ និងបិទផ្លូវចូលផ្ទះសម្បែង និងដីធ្លីរបស់ពលរដ្ឋភៀសសឹក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ភ្ជាប់ការប្តេជ្ញាចិត្តមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនានា ដោយប្រកាន់ភ្ជាប់នូវគោលជំហរជាគោលការណ៍របស់កម្ពុជាថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។
ដំណើរដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិចុះពិនិត្យទីតាំងផ្ទាល់នៅតាមបណ្តោយព្រំដែនបែបនេះត្រូវបានធ្វើឡើងជាញឹកញាប់ ក្នុងគោលបំណងបង្ហាញការពិតឱ្យសហគមន៍អន្តរជាតិបានឃើញផ្ទាល់ភ្នែកនូវស្ថានការណ៍វិវត្តន៍ថ្មីៗនៅលើដីជាក់ស្តែង ដែលកងកម្លាំងថៃបានធ្វើមកលើបូរណភាពទឹកដី និងជនភៀសសឹកកម្ពុជា។ ក្រោយដំណើរទស្សនកិច្ចនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនថា រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយក៏នឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗតាមការជាក់ស្តែង។
ដោយឡែក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដែរ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនរបស់ខ្លួនចំនួន ២រូប ក្នុងមួយប្រទេសមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។
សូមបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាពដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ កម្ពុជាក៏តែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលស្ថានការណ៍វិវត្តន៍នៅតាមព្រំដែន និងត្រៀមទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឆ្នាំ២០២៦ បន្តពីម៉ាឡេស៊ីក្នុងការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ ដោយអព្យាក្រឹត្យសំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរក៏ដូចជាសម្រាប់តំបន់ទាំងមូល។អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នា។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

ដោយ៖ គង់ សិរីរ័ត្ន





