បទយកការណ៍៖ តស់ ទៅលេងខេត្តក្រចេះ ! ក្រចេះជាគោលដៅទេសចរណ៍ធម្មជាតិដ៏មនោរម្យមួយនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦--ខេត្តមួយដែលបច្ចុប្បន្នគេអាចធ្វើដំណើរទៅដល់តាមច្រកបីសំខាន់ ហើយត្រូវបានគេដឹងថា ជាដែនជម្រកសត្វផ្សោតទឹកសាបចុងក្រោយនៅតាមដងទន្លេមេគង្គនោះ គឺខេត្តក្រចេះ ដែលនៅក្នុងអំឡុងចុងសប្តាហ៍នេះបាននិងកំពុងតែរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។

ផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ជាមួយនឹងព្រឹត្តិការណ៍អមជាច្រើនទៀត រួមមាន ពិធីរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្ញើក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក ក៏ដូចជាកម្មវិធីលែងត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេ និងពិធីបួងសួងសុំសេចក្ដីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព។
ក្រៅពីនោះ កម្មវិធី៣ថ្ងៃ៣យប់នេះនឹងមាន ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលទេសចរណ៍ខេត្តក្រចេះ ការប្រគំតន្ត្រី ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ កម្មវិធីបណ្តែតប្រទីប និងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។

កោះព្រហ្មចារី នៅស្រុកព្រែកប្រសព្វ
ពិធីបើកព្រឹត្តិការណ៍នេះនឹងធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នំា២០២៦នេះតែម្តង។
តស់នាំគ្នាទៅចូលរួមព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ហើយបន្តលេងកម្សាន្តនៅតាមរមណីយដ្ឋាននានានៅក្នុងខេត្ត ដែលគេដឹងថា គឺជាខេត្តមួយដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានស្ថានភាពដីជាពីរប្រភេទគឺ តំបន់ខ្ពង់រាប និងតំបន់វាលទំនាប មានចម្ងាយ ៣៤០គម ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៧ ឆ្លងកាត់ស្រុកស្នួល ឬ ចម្ងាយ ២៥០គម ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៧៣ ឆ្លងកាត់តាមស្រុកតំបែរ និងស្រុកឆ្លូង និងចម្ងាយ ២២០គម បើធ្វើដំណើរតាមផ្លូវទឹកទន្លេមេគង្គ។

សួនសុបិន្ត នៅកោះច្រែង ស្រុកចិត្របុរី
ក្រចេះមានរមណីយដ្ឋានទេសចរណ៍ទាំងប្រវត្តិសាស្រ្ត វប្បធម៌ និងជំនឿ ជាច្រើនកន្លែង ជាពិសេសគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រពៃមួយនៅកម្ពុជា។ ខេត្តនេះ មានរមណីយដ្ឋានទាំងតូច និងធំ សរុបជាង ២០កន្លែង ហើយកន្លែងដែលគេស្គាល់ច្រើននោះគឺ រមណីយដ្ឋានសហគមន៍អេកូរទេសចរណ៍សង្កាត់កោះទ្រង់ ដែលមានក្រូចថ្លុងឆ្ងាញ់ពិសា។ ក្រៅពីនេះមាន រមណីយដ្ឋានភ្នំសំបុក រមណីយដ្ឋានភ្នំសុពណ៌កាឡី រមណីយដ្ឋានឆ្នេរខ្សាច់សុពណ៌គិរី ព្រះវិហារធំសសរ១០០ ដែលជាទីបុរាណដ្ឋាន និងជំនឿដ៏មុតមាំមួយរបស់ពលរដ្ឋកម្ពុជា និងរមណីយដ្ឋានព្រែកកាំពី។
នៅពេលទៅដល់រមណីយដ្ឋានព្រែកកាំពីនេះ យើងអាចនឹងរីករាយជាមួយនឹងទិដ្ឋភាព និងសកម្មភាពកម្សាន្តជាច្រើនទៀត។ អ្វីដែលពិសេសនោះគឺទីនោះជាកន្លែងអភិរក្សផ្សោតទន្លេ ដែលគេដឹងថា ជាដែនជម្រកផ្សោតដ៏ធំចុងក្រោយនៅលើពិភពលោក។ នៅពេលទៅដល់ យើងអាចជិះទូកទៅមើលផ្សោតទាំងនោះនៅកណ្តាលទន្លេ តាមអន្លង់ដែលពួកវារស់នៅ ខណៈដែលនៅតាមបណ្តោយទន្លេមេគង្គ ពីក្រចេះទៅស្ទឹងត្រែង មានផ្សោតសរុបប្រមាណជា ១១៦ ដោយរួមទាំងកូនផ្សោតថ្មី ៤ក្បាល ដែលទើបកើតនៅដើមឆ្នាំនេះ។

ទិដ្ឋភាពថ្ងៃលិច នៅខេត្តក្រចេះ
ក្រៅពីនោះបងប្អូនក៏អាចនឹងបន្តដំណើរកម្សាន្តទៅខេត្តផ្សេងៗ ដែលជាប់នឹងខេត្តក្រចេះ ដូចជាខេត្តមណ្ឌលគិរីនៅព្រំប្រទល់ខាងកើត ខេត្តកំពង់ធំនៅព្រំប្រទល់ខាងលិច ខណៈខាងជើងជាប់នឹងខេត្តស្ទឹងត្រែង និងខាងត្បូងជាប់នឹងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងប្រទេសវៀតណាម ហើយក៏ជាច្រកចេញដំណើរទៅកាន់ខេត្តរតនគិរីមួយផងដែរ៕
ដោយ ហេង បញ្ញា





