ប្រជាពលរដ្ឋនៅភូមិទួលនាងសាវអបអរសាទរចំពោះផលត្រីសំបូរឡើងវិញដោយសារកងទ័ព
AKP កំពង់ធំ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦--ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការគ្រប់គ្រងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីរសៀលថ្ងៃទី២៧ខែមីនាឆ្នាំ២០២៦ បានដឹកនាំសហការី និងស្ថាប័នជំនាញពាក់ព័ន្ធ ទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទ ធ្វើត្រីឆ្អើរ ផ្អក ប្រហុកសម្រាប់ដោះស្រាយជីវភាពគ្រួសារ និងការលក់ដូរបន្តិចបន្តួច នៅក្នុងរដូវប្រាំង ក្រោយពីសម្រាកពីការងារច្រូតកាត់ប្រមូលផលស្រូវ នៅភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ហ៊ន ប៊ុនលី អនុប្រធានភូមិទួលនាងសាវ ឃុំផាត់សណ្តាយ បានបញ្ជាក់ថា ឆ្នាំនេះ ផលត្រីមានការសំបូរឡើងវិញជាងឆ្នាំមុន ហើយបងប្អូនប្រជាពលរដ្ឋ និងអ្នកចំណូលស្រុកមកពីឃុំកំពង់គោ និងតំបន់នានានៅក្នុងខេត្តកំពង់ធំ បានមកប្រកបរបរនេសាទធ្វើត្រីឆ្អើរ ប្រហុក ផ្អកមានការសប្បាយរីករាយនិងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះកងទ័ព ដែលបានសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទ នៅក្នុងរដូវហាមឃាត់នាពេលកន្លងទៅ ។

ឧត្ដមសេនីយ៍ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ស្ដីពីជលផលឱ្យបានគ្រប់ៗគ្នា ហើយខិតខំរួមគ្នាថែរក្សាធនធានមច្ឆជាតិរបស់យើងឱ្យសំបូរឡើងវិញ។ ដូច្នេះយើងទាំងអស់គ្នា មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ជលផលជាដាច់ខាត ។

ក្នុងឱកឱកាសោះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានធ្វើដំណើរត្រួតពិនិត្យភូមិសាស្ត្រក្នុងតំបន់បឹងធំនឹងបានណែនាំដល់អាជ្ញាធរដែនដី នៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ត្រូវក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ អំពីជនល្មើសមួយចំនួន ដែលមកពីតំបន់ផ្សេងៗ តែងតែឆក់ឱកាសមកលួចឆក់ត្រីនៅពេលយប់ នៅក្នុងតំបន់បឹងធំ ស្ថិតនៅក្នុងភូមិទួលនាងសាវនេះ ដេីម្បីកងកម្លាំងពួនស្ទាក់ចាប់ខ្លួនជនប្រព្រឹត្តបទល្មើសឱ្យបាន យកទៅផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ៕
ដោយ៖ ស៊ុម វណ្ណា





